ឪពុកញៀនថ្នាំលើសកម្រិត ចាប់ជើងកូនប្រុសអាយុ២ឆ្នាំបោកនឹងជញ្ជាំងផ្ទះស្លាប់ រួចយកសពទើរលើធ្នើរបន្ទប់ទឹក ៣ថ្ងៃទើបដឹង

ភ្នំពេញ​៖​ សពកុមារា​អាយុ​០២ឆ្នាំ​ម្នាក់​ បានបាត់​ខ្លួន​ចំនួន​ពីរយប់​បីថ្ងៃ ត្រូវ​បាន​សាច់​ញាតិ​ប្រទះឃើញ​ស្លាប់​នៅ​លើ​ដំបូល​ធ្នើរបន្ទប់​ទឹក​ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ដោយសារ​ឱពុក​បង្កេីត​ញៀន​ថ្នាំ​លើសកម្រិត ជាអ្នក​ចាប់ជើងបោកនឹងជញ្ជាំងបណ្តាលឱ្យស្លាប់។

ហេតុការណ៍​​នេះ​បង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង​៣និង៣០នាទី​រសៀល ថ្ងៃចន្ទ​ ទី២៣​ ខែតុលា​ ឆ្នាំ២០២៣​ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ផ្ទាល់​ដី​ ផ្ទះគ្មាន​លេខ​ ផ្លូវលេខ​៣១០​ ភូមិ១​ សង្កាត់​ទួលស្វាយព្រៃ​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជន​សង្ស័យ​​ឈ្មោះ​ភួង​ ភី​ អាយុ​៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលម្តុំផ្សាររន្ទះបាញ់ ផ្លូវច្រកតូច សង្កាត់ទន្លេសាក់ ខណ្ឌចំការមន វិជ្ជមាន(+)ថ្នាំញៀនក្នុងខ្លួន។ ចំណែក​ប្រពន្ធ​ឈ្មោះ​ រំដួល​ អាយុ៣៤ឆ្នាំ​  ស្នាក់​នៅ​បន្ទប់​ជួល​កើត​ហេតុ​ មុខ​របរ​រើស​អេតចាយ​, ចំណែក​កុមារារងគ្រោះ​ឈ្មោះ​ ស៊ុម សុខយុទ្ធអាយុ២ឆ្នាំ ។

ប្រភព​ពី​ស្ត្រី​ឈ្មោះ​បុប្ជា​ អាយុ​៣៥ឆ្នាំ​ ត្រូវ​ជាប្អូន​បង្កើតរបស់​ស្ត្រីឈ្មោះ​ រំដួល​  ម្តាយ​កុមារា​រងគ្រោះ​ បាន​ប្រាប់​ឱ្យ​ដឹងថា​ «ក្មេង​រង​គ្រោះ​  នោះ​ជាកូន​របស់​ជន​សង្ស័យ​ឈ្មោះភួង​ ភី​ ហើយយ​កូន​នោះ​កេីត​នៅ​អាយុ​០៧ខែ​ ឪពុកម្ដាយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​ រូប​គាត់​និង​ជីដូន​ ក៏​សម្រេច​យក​មក​ចិញ្ចឹម​ ហើយស្នាក់​នៅ​បន្ទប់​ជាប់​គ្នា​រហូត​ដល់​ធំ​បានអាយុ០២ឆ្នាំ​ ។ 

ប្រភព​ដដែល​បន្ត​ថា​ ជន​សង្ស័យ​ឈ្មោះ​ ភី​ មាន​កូន​ចំនួន​០៣នាក់​ ហើយ​រូបគេ​ជាមនុស្ស​ញៀន​ថ្នាំ​ ។  ចរិក​របស់​ជន​សង្ស័យ​គឺ​ស្អប់​កូន​ប្រុស​ណាស់​  សូម្បី​តែ​កូន​ទី​០១​ ក៏រូបគេ​មិន​ចូលចិត្ត​ឡេីយ​ ដោយ​រូប​គេ​ស្រឡាញ់​តែ​កូន​ស្រី​ប៉ុណ្ណោះ​ ។ 

ប្រភព​ដដែល​បន្ត​ថា​ កុមារា​រងគ្រោះ​បាន​បាត់ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​២១​ ខែ​តុលា​  ហើយ​សាច់​ញាតិ​ព្យាយាម​រក​យ៉ាង​ណា​ក៏​មិន​ឃើញ​  ក៏ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​រក​  ហើយ​សាច់​ញាតិ​មាន​ការ​សង្ស័យ​ទៅ​លើ​ឪពុក​បង្កើត​ ដោយ​សារ​តែ​រូប​គេ​ និង​ ប្រពន្ធ​ មិន​ហ៊ាន​គេង​នៅ​ក្នុង​បន្ទប់​ខ្លួនឯង​ឡើយ។

ប្រភព​ពីជីដូន​បន្ត​ថា​ គាត់​តែង​តែ​ឮសម្លេង​ក្មេង​យំ​  នៅ​ក្នុង​បន្ទប់​កើត​ហេតុ​ ក៏​សម្រេច​ឱ្យ​កូន​ក្មួយ​ ចូល​ទៅ​រក​មើល​ជា​ច្រើន​ដង​ ទើប​ប្រទះឃើញ​សព​កុមារា​រងគ្រោះ​ នៅ​លើ​ធ្នើរបន្ទប់​ទឹក​ ដោយ​សព​ត្រូវ​បាន​ជន​សង្ស័យ​សម្លាប់​យក​ទៅ​លាក់​ ហើយ​យក​ខោអាវ​ តុក្កតា​កប់​ពី​លើ​ ។ 

ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​មាន​ករណី​ប្រទះឃើញ​ក្មេង​ស្លាប់​នោះ​ សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ជាឪពុក​បង្កើត​ នៅ​ចំណុច​ភូមិ១៦​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ខណៈធ្វើជាមកដាក់ពាក្យបណ្តឹង ។ជនសង្ស័យសារភាពថា«ខ្លួនបានចាប់ជើងកូនប្រុសអាយុ២ឆ្នាំបោកទៅនឹងជញ្ជាំងផ្ទះបណ្តាលឱ្យបែកក្បាលស្លាប់»។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ជាឪពុកនាំ​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​បឹង​កេងកង​សាកសួរ​នាំ​ តាម​នីតិ​វិធី​។​ ចំណែក​សព​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​ សមត្ថកិច្ច​ CPU សហការធ្វើ​កោសល្យវិច័យ​ នៅ​កន្លែង​កើត​ហេតុ​ បញ្ជាក់ថា«ពិតជាករណីឃាតកម្មគិតទុកជាមុន បង្កឡើងដោយឪពុកញៀនថ្នាំលើសកម្រិត» ហើយសពប្រគល់ឱ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ (ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *