រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឱ្យបាត់បង់ជីវិត២នាក់

ភ្នំពេញ ៖ ពីរនាក់ប្ដីប្រពន្ធបានបាត់បង់ជីវិត បន្ទាប់ពីមានរថយន្តមិនស្គាល់ម៉ាកបានកើកមកមុខពីក្រោយយ៉ាងពេញទំហឹង កើតឡើងកាលវេលាម៉ោង ៣យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ត្រង់ចំណុចខាងលិចផែស្ងួតសូងួនប្រហែល ៥០ម៉ែត្រ ភូមិចោមចៅ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះជាប្ដីឈ្មោះឈើន គឹមស៊ាង អាយុ៥០ឆ្នាំជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឃុត គឹមស្រ៊ុន  អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរមានមុខរបរលក់សាច់ជ្រូក ស្នាក់នៅបន្ទប់ជួលជិតផ្សារជម្ពូវ័ន មានស្រុកកំណើតនៅភូមិរាមអណ្តើក ឃុំរាមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញពីរនាក់ប្ដីប្រពន្ធ បើកម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ូតូម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE-7880 តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកពីក្រោយបានមកបុកពីក្រោយពេញទំហឹងប្លោកខ្ទាតប្ដីទៅចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋ និងប្រពន្ធស្លាប់នៅចិញ្ចើមផ្លូវ បាត់បង់ជីវិតទាំង២នាក់តែម្តងព្រមទាំងរ៉ឺម៉កម៉ូតូខ្ទាតទៅប៉ះផ្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើមនៅលើចិញ្ចើមផ្លូវ មុខផ្ទះប្រជាពលរដ្ឋ ក្រោយពីបង្កហេតុហើយរថយន្តបានបើករត់បាត់តែម្តង។

តាមសម្ដីសាច់ញាតិបានប្រាប់ឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធគាត់ងើបជិតៗភ្លឺ ចេញពីបន្ទប់ជួលនៅជិតផ្សារជម្ពូវ័ន ទៅយកសាច់ជ្រូកនៅកុងស៊ីកាប់ជ្រូកបឹងក្រពើ រួចយកទៅលក់នៅផ្សារជម្ពូវ័នជារៀងរាល់ថ្ងៃ។ស្រាប់តែថ្ងៃនេះមកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតចោលកូនពីរនាក់ឱ្យនៅកំព្រាបែបនេះទៅវិញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យបានចុះមកយកមធ្យោបាយទៅរក្សាទុក ,ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *