អាមេរិក បញ្ជូនទីប្រឹក្សាជំនាញខាងសង្គ្រាមទីក្រុង មកជួយអ៊ីស្រាអែល

បរទេស ៖ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូនទីប្រឹក្សាយោធា រួមទាំងឧត្តមសេនីយ៍កងម៉ារីនដែលមានជំនាញក្នុងសង្គ្រាមទីក្រុង ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួយក្នុងការរៀបចំផែនការសង្រ្គាមរបស់ខ្លួន និងកំពុងពន្លឿនប្រព័ន្ធការពារដែនអាកាសទំនើបៗជាច្រើនទៅកាន់មជ្ឈិមបូព៌ា នៅប៉ុន្មានថ្ងៃមុនការវាយលុកជើងគោក ដែលរំពឹងទុកវាយចូលតំបន់ហ្គាហ្សា។

លោក ជែមស៍ គ្លីន (James Glynn) ឧត្តមសេនីយ៍ឯកកងម៉ារីន ដែលពីមុនបានជួយដឹកនាំកងកម្លាំងប្រតិបត្តិការពិសេសប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម និង បម្រើការនៅហ្វាលូចា (Fallujah) ប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងការប្រយុទ្ធក្នុងទីក្រុងដ៏ក្តៅគគុកបំផុតនៅទីនោះ ។ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ ដែលមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាអំពីតួនាទីរបស់លោកគ្លីន និង និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។មន្ត្រីរូបនោះបាននិយាយថា «លោកគ្លីនក៏នឹងផ្តល់ដំបូន្មានផងដែរ អំពីវិធីកាត់បន្ថយការស្លាប់ជនស៊ីវិលនៅក្នុងសង្គ្រាមទីក្រុង»។

ចំណែកអ៊ីស្រាអែល កំពុងត្រៀមប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំនៅក្នុងបរិយាកាសមួយ ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស មានពេលជាច្រើនឆ្នាំដើម្បីរៀបចំបណ្តាញផ្លូវរូងក្រោមដី និង ដាក់អន្ទាក់នៅទូទាំងប្លុកទីក្រុងដ៏ណែនណាន់តាន់តាប់នៃតំបន់ហ្គាហ្សាភាគខាងជើង។ 

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក ចន កឺប៊ី (John Kirby) បាននិយាយកាលពីថ្ងៃចន្ទថា «លោកគ្លីននិងមន្ត្រីយោធាផ្សេងទៀត ដែលកំពុងផ្តល់ដំបូន្មានដល់អ៊ីស្រាអែល មានបទពិសោធន៍សមស្របនឹងប្រភេទនៃប្រតិបត្តិការដែលអ៊ីស្រាអែលកំពុងធ្វើ»។ មន្ត្រីអាមេរិកដែលមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា «ទីប្រឹក្សាទាំងនេះនឹងមិនចូលរួមក្នុងការប្រយុទ្ធទេ»។

ឯក្រុមយោធានេះគឺជាផ្នែកមួយក្នុងចំណោមផ្នែកដែលបានបញ្ជូនទៅលឿនបំផុតដែលមន្ទីរបញ្ចកោណកំពុងដាក់តាមកន្លែង ដើម្បីព្យាយាមទប់ស្កាត់ជម្លោះដ៏តានតឹងរួចហើយនេះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស កុំឱ្យក្លាយជាសង្រ្គាមកាន់តែធំ។ ក្រុមនេះក៏កំពុងព្យាយាមការពារបុគ្គលិកអាមេរិក ដែលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានទទួលរងការវាយប្រហារម្តងហើយម្តងទៀត ដែលមន្ទីរបញ្ចកោណនិយាយថា«ទំនងជាត្រូវបានគាំទ្រដោយអ៊ីរ៉ង់»។

លោកកឺប៊ីបាននិយាយថា «អ៊ីរ៉ង់ ក្នុងករណីខ្លះកំពុងសម្របសម្រួលយ៉ាងសកម្មនូវការវាយប្រហារទាំងនេះ និង ជំរុញអ្នកផ្សេងទៀត ដែលប្រហែលជាចង់កេងចំណេញពីជម្លោះដើម្បីផលប្រយោជន៍របស់ពួកគេ ឬសម្រាប់ប្រយោជន៍អ៊ីរ៉ង់។ យើងដឹងថា គោលដៅរបស់អ៊ីរ៉ង់គឺដើម្បីរក្សាកម្រិតនៃការលូកដៃរារាំងមួយចំនួននៅទីនេះ។ ប៉ុន្តែយើង​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​ដូច្នេះ​ទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *