អ៊ីស្រាអែល​ បដិសេធ​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ក្នុង​កិច្ច​ប្រជុំ​សំខាន់របស់​អ.ស.ប

បរទេស ៖ អ៊ីស្រាអែល បានប្តេជ្ញាម្តងទៀតថា នឹងបំផ្លាញក្រុមហាម៉ាស ដោយបដិសេធការអំពាវនាវរបស់ប្រមុខអង្គការសហប្រជាជាតិ(អ.ស.ប.) ប៉ាឡេស្ទីន និងប្រទេសជាច្រើននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អ.ស.ប. សម្រាប់បទឈប់បាញ់ ហើយបានប្រកាសថា«សង្រ្គាមនៅហ្គាហ្សាមិនត្រឹមតែជាសង្គ្រាមរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាសង្រ្គាមរបស់ពិភពលោកសេរីទៀតផង»។

លោក អេលី ខូហិន (Eli Cohen) រដ្ឋមន្ត្រីការបរទេស ក៏បានច្រានចោលការអំពាវនាវផងដែរឱ្យមាន«សមាមាត្រ»នៅក្នុងការឆ្លើយតបរបស់ប្រទេសនេះចំពោះការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលបានសម្លាប់មនុស្ស ១.៤០០ នាក់ ហើយចាប់តាំងពីពេលនោះមកបាននាំឱ្យមានការស្លាប់ជនជាតិប៉ាឡេស្ទីនជាង៥.៧០០ នាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។

លោកខូហិន បាន​សួរថា «ប្រាប់ខ្ញុំតើអ្វីជាការឆ្លើយតបសមាមាត្រសម្រាប់ការសម្លាប់ទារក ការរំលោភស្ត្រី ការដុតសម្លាប់ពួកគេ ការកាត់ក្បាលកុមារ? តើអ្នកអាចយល់ព្រមបទឈប់បាញ់ជាមួយអ្នកដែលស្បថថានឹងសម្លាប់និងបំផ្លាញអត្ថិភាពរបស់អ្នកដោយរបៀបណា?»។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.បថា ការឆ្លើយតបសមាមាត្រទៅនឹងការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា គឺជាការបំផ្លាញទាំងស្រុងចំពោះក្រុមហាម៉ាសចុងក្រោយ ដោយហៅក្រុមជ្រុលនិយមនេះថា «ពួកណាស៊ីថ្មី»។ វា​មិន​ត្រឹម​តែ​ជា​សិទ្ធិ​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេក្នុង​ការ​បំផ្លាញ​ក្រុម​ហាម៉ាស។ វា​ជា​កាតព្វកិច្ច​របស់​យើង»។

លោកខូហិនបានហៅការវាយប្រហាររបស់ក្រុមហាម៉ាសថាជា ការដាស់តឿនសម្រាប់ពិភពលោកសេរីទាំងមូលប្រឆាំងនឹងភាពជ្រុលនិយម ហើយគាត់បានជំរុញឱ្យ ពិភពលោកស៊ីវិល័យឱ្យឈររួបរួមគ្នានៅពីក្រោយអ៊ីស្រាអែលដើម្បីកម្ចាត់ក្រុមហាម៉ាស។

លោក​បាន​ព្រមាន​ថា «ថ្ងៃ​នេះ​ជា​​អ៊ីស្រាអែល ហើយ​ថ្ងៃ​ស្អែក​ក្រុមហាម៉ាសនិង​ក្រុម​អ្នក​វាយប្រហារដទៃ នឹង​នៅ​មាត់​ទ្វារ​របស់​អ្នក​រាល់​គ្នា ដោយ​ចាប់​ផ្ដើម​ពី​លោកខាងលិច។

លោកខូហិន បានចោទប្រកាន់ប្រទេសកាតាថាបានផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស ហើយបាននិយាយថាជោគវាសនានៃចំណាប់ខ្មាំងជាង ២០០ នាក់ដែលត្រូវបានចាប់ចេញពីអ៊ីស្រាអែល ដែលគ្រួសារខ្លះរបស់ពួកគេបានមកចូលរួមកិច្ចប្រជុំអ.ស.ប.គឺ ស្ថិតក្នុងដៃរបស់ស្តេចរបស់ពួកគេ។

ចំណែកលោក រីយ៉ាដ អាល់-ម៉ាលីគី (Riyad al-Maliki) រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានទាមទារឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល។ យើងមកទីនេះនៅថ្ងៃនេះដើម្បីបញ្ឈប់ការសម្លាប់ បញ្ឈប់…ការសម្លាប់រង្គាលដែលកំពុងបន្តប្រព្រឹត្តដោយចេតនានិងជាប្រព័ន្ធនិងយ៉ាងសាហាវដោយអ៊ីស្រាអែល ដែលជាអំណាចកាន់កាប់ប្រឆាំងនឹងប្រជាជនស៊ីវិលប៉ាឡេស្ទីន។

លោក រីយ៉ាដ អាល់-ម៉ាលីគី បន្តថា «ប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់កំពុងបំពេញបេសកកម្មដើម្បីមានជីវិតរស់រានជារៀងរាល់ថ្ងៃ រៀងរាល់យប់។ វាជាកាតព្វកិច្ចរបស់មនុស្សជាសមូហភាពរបស់ពួកយើងក្នុងការបញ្ឈប់ពួកគេ»។

លោកអាល់-ម៉ាលីគីបានព្រមានថា «ការវាយប្រហារនិងការសម្លាប់ព្រមទាំងអាវុធនិងសម្ពន្ធមិត្តកាន់តែច្រើននឹងមិនធ្វើឱ្យអ៊ីស្រាអែលមានសុវត្ថិភាពនោះទេ គឺមានតែសន្តិភាពប៉ុណ្ណោះទើបនាំឱ្យមានសុវត្ថិភាពពិត»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *