បុរសម្នាក់ឆ្លៀតដើរបេះបន្លែព្រៃ ជួបគ្រោះអកុសលជាន់មីនផ្ទុះកក្រើកព្រៃ

បន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយពេលហូបបាយថ្ងៃត្រង់រួច ឆ្លៀតដើរបេះបន្លែព្រៃក៏ជួបគ្រោះអកុសលជាន់មីនផ្ទុះកក្រើកព្រៃ បណ្តាលឱ្យរបួសកើតឡើងនៅវេលាម៉ោង១និង២១នាទីរសៀល ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចន ជុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  មុខរបរជាកសិករ  ។

លោកមេបញ្ជាការបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែព្រៃ រកដកផ្សិត និងជីកទំពាំង ក៏បានជាន់ផ្ទុះមីនបណ្តាលឱ្យដាច់ជើងឆ្វេង ។ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធាក.អ.ធ.ទី១សឹករងស្រុកថ្មពួក ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួកហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង  ។

ទាក់ទិននឹងករណីគ្រោះថ្នាក់មីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនដើររកអនុផលព្រៃឈើកុំឱ្យចូលព្រៃដែលសង្ស័យថា«មានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ នាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម»៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *