ឃាត់ជនសង្ស័យ២នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅស្រុករតនមណ្ឌល

បាត់ដំបង ៖ លោកវរសេនីយ៍ទោ ប៉ាន់ ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះ ប្រតិបត្តិការ បង្ក្រាបបានករណីជួញដូរ រក្សាទុក ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២ ៣ វេលាម៉ោង២និង១៥នាទីរសៀល នៅចំណុចភូមិក្ខាវ ឃុំក្ខាវ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឃាត់ដំបូងឈ្មោះ គឹម សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូជាលើឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ៥០៧,៥៦ក្រាម (ទាំងសំបក),ទូរសព្ទដៃ១គ្រឿងនិងម៉ូតូចំនួន ០១គ្រឿង ម៉ាកវិបល្លាស់ ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1C8-0808 ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលេី និងដោយមានការអនុញ្ញាតពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្ត កិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅថ្ងៃដដែលវេលាម៉ោង៨និង៥៥នាទីយប់ នៅចំណុចភូមិស្វាយធំ ឃុំបឹងវាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ សន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន ទូរសព្ទដៃ១គ្រឿង,ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-7245 ។

បច្ចុប្បន្នជនល្មើស និង វត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *