ម្ចាស់ផ្ទះជាប់ទៅចម្ការ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់មួយខ្នង

បន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមានតម្លៃប្រមាណ៤០លានរៀល កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ផ្ទះដែលរងគ្រោះដោយអគ្គីភ័យមានទំហំ១៥ម៉ែត្រគុណនឹង១០ម៉ែត្រ ធ្វើអំពីឈើដំបូលស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ ខែត ឈួត ភេទប្រុសអាយុ៥៨ឆ្នាំ,ប្រពន្ធឈ្មោះ ម៊ាំង អ៊ូ ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មានពីអគ្គីភ័យឆេះផ្ទះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានយករថយន្តពន្លត់អគ្គីភ័យ០១គ្រឿងនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រាស អាជ្ញាធរនិងប្រជាពលរដ្ឋបានចុះជួយអន្តរាកមន៍ពន្លត់តែដោយភ្លើងបានឆាបឆេះពេញទំហឹង ដែលមិនអាចជួយសង្រ្គោះបាន ប៉ុន្តែបានទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

លោកជា ស្លូញ បានបញ្ជាក់ថា ទ្រព្យសម្បត្តិខូចខាតមាន ថវិកា ១០,០០០បាត (មួយម៉ឺនបាត),សម្ភារដំណេក សៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ ប្លង់ដី គិតជាថវិកាប្រហែល ៤០លានរៀល។ ចំពោះមូលហេតុបង្កឱ្យមានគ្រោះអគ្គីភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះមិនបាននៅផ្ទះដោយរវល់ទៅចម្ការ ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *