សភាអាមេរិកបោះឆ្នោតជ្រើសរើសប្រធានថ្មី បញ្ចប់ការជាប់គាំង

បរទេស ៖ សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីថ្ងៃពុធម្សិលមិញ ដោយបញ្ចប់សប្តាហ៍នៃការឈ្លោះគ្នាដ៏ជូរចត់របស់គណបក្សសាធារណរដ្ឋ ដែលបានធ្វើឱ្យសភាជាប់គាំង នៅគ្រាដែលកំពុងមានវិបត្តិក្នុងឆាកអន្តរជាតិ និង ក្នុងស្រុក។

លោក ម៉ៃ ចនសុន (Mike Johnson) ជាសម្ពន្ធមិត្ត ដែលគេស្គាល់តិចតួចរបស់លោក ដូណាល់ ត្រាំ ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ដើម្បីផ្តួលរំលំការបោះឆ្នោតឆ្នាំ២០២០ បានទទួលការគាំទ្រជាឯកច្ឆន្ទពីគណបក្សរបស់លោក ដើម្បីដឹកនាំសភាជាន់ទាប ដែលបានជាប់គាំងចាប់តាំងពីលោក ខេវិន ម៉ាកកាធី (Kevin McCarthy) ត្រូវបានបណ្តេញចេញ ក្នុងរដ្ឋប្រហារពីសំណាក់ពួកស្តាំនិយមកាលពីថ្ងៃទី៣ ខែតុលាឆ្នាំ២០២៣ ។

លោកម៉ៃ ចនសុន បាននិយាយខណៈលោកកាន់ញញួរប្រធាន យ៉ាងដូច្នេះថា «ខ្ញុំគិតថាប្រជាជនអាមេរិកទាំងអស់នៅពេលមួយធ្លាប់មានមោទនភាពយ៉ាងខ្លាំងចំពោះស្ថាប័ននេះ ,ប៉ុន្តែឥឡូវនេះវាស្ថិតក្នុងគ្រោះថ្នាក់ ហើយយើងមានការប្រឈមនៅចំពោះមុខយើងនាពេលនេះ ក្នុងការកសាងនិងស្ដារឡើងវិញនូវទំនុកចិត្តនោះ»។

លោកបន្តថា «វាជាភាពស្រស់ស្អាតរបស់អាមេរិក ដែលអនុញ្ញាតឱ្យក្មេងពន្លត់អគ្គិភ័យដូចរូបខ្ញុំមកទីនេះ ហើយបម្រើក្នុងបន្ទប់សភាដ៏ពិសិដ្ឋ ដែលបុរសនិងស្ត្រីដ៏អស្ចារ្យធ្លាប់បានបម្រើការមុនពួកយើងទាំងអស់គ្នា»។

លោកម៉ៃ ចនសុន នឹងក្លាយជាប្រធានសភាដែលមានបទពិសោធន៍តិចបំផុតនៅក្នុងយុគសម័យក្រោយសង្គ្រាមស៊ីវិលដោយមិនធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការ ឬកាន់តួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នោះទេ។

លោកអាចនឹងប្រឈមមុខស្ទើរតែភ្លាមៗនូវលទ្ធភាពនៃការបិទរដ្ឋាភិបាលដែលអាចគំរាមកំហែងដល់ការងាររបស់លោក លុះត្រាតែលោកអាចកាត់បន្ថយកិច្ចព្រមព្រៀងថវិកាឆ្នាំ២០២៤ ជាមួយគូប្រជែងចាស់វស្សាដូចជា មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា លោក ឆាក់ ស៊ូមឺ (Chuck Schumer) និង លោកប្រធានាធិបតី ចូ បៃដិន។

លោកម៉ៃ ចនសុន ក៏ត្រូវគេរំពឹងថា នឹងដឹកនាំសន្និសីទដែលបាក់បែកយ៉ាងខ្លាំងរបស់លោកឆ្លងកាត់ការឈ្លោះគ្នាបែកផ្សែងនាពេលខាងមុខ អំពីការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន និង អ៊ីស្រាអែលផងដែរ។

ភ្លាមៗបន្ទាប់ពីសុន្ទរកថារបស់លោក,លោកបានណែនាំសេចក្តីសម្រេចចិត្តមួយដែលគាំទ្រសម្ពន្ធមិត្តមជ្ឈិមបូព៌ារបស់អាមេរិកក្នុងជម្លោះរបស់ខ្លួនជាមួយពួកសកម្មប្រយុទ្ធហាម៉ាស។ វា​បានទទួលការគាំទ្រ​ពីតំណាងរាស្ត្រទាំងអស់លើកលែងតែសមាជិក​គណបក្ស​ប្រជាធិបតេយ្យ​៩រូប​និងសមាជិក​គណបក្ស​សាធារណរដ្ឋតែ​ម្នាក់​ប៉ុណ្ណោះដែលជំទាស់។

លោកចនសុនបានប្រាប់សមាជិកសភាថា «យើងទាំងអស់គ្នាដឹងថាពិភពលោកកំពុងស្ថិតក្នុងភាពចលាចល ប៉ុន្តែអាមេរិកដ៏រឹងមាំគឺល្អសម្រាប់ពិភពលោកទាំងមូល។ យើង​ជា​ពន្លឺ​នៃ​សេរីភាព«។

ចំណែកលោកចូ បៃដិន បានអបអរសាទរប្រធានសភាថ្មី ហើយប្តេជ្ញាថានឹងធ្វើការជាមួយគាត់ ដោយបន្ថែមថា«សហរដ្ឋអាមេរិកឥឡូវនេះត្រូវការ ផ្លាស់ទីទៅមុខយ៉ាងឆាប់រហ័សដើម្បីដោះស្រាយតម្រូវការសន្តិសុខជាតិរបស់យើងនិងដើម្បីចៀសវាងការបិទរដ្ឋាភិបាល»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *