ចាប់បុរសម្នាក់តាមដីកា ហើយរឹបអូសថ្នាំញៀន ទើបនឹងទិញតម្លៃ៥៥០ដុល្លារ មកលក់បន្ត

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកា ហើយមានគ្រឿងញៀននៅក្នុងខ្លួនបន្ថែមទៀត ដែលទើបនឹងទិញតម្លៃ៥៥០ដុល្លារមកលក់បន្ត កាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២២វេលាម៉ោង១និង៤៥នាទីរសៀល នៅចំណុចភូមិស្ទឹង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះទ្រីស វណ្ណា ហៅខ្នា ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មានដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៥០២/២៣ចុះថ្ងៃទី០៨សីហា ឆ្នាំ ២០២៣ចេញដោយលោកជាសុខហៀងចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាល។ វត្តុតាងចាប់យករួមមាន ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២ កញ្ចប់ (ទម្ងន់៤៩,៨៩ក្រាម), សម្ភារវេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកបានឱ្យដឹងថា ដំបូងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំសហការជាមួយកម្លាំងជំនាញគ្រឿងញៀនស្រុកកៀនស្វាយ បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

ខណៈពេលជិះល្បាតដល់ចំណុចភូមិស្ទឹង២ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ជួបប្រទះមុខសញ្ញាឈ្មោះទ្រីស វណ្ណាហៅខ្នា កំពុងនៅតាមផ្លូវលំ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ហើយឆែកឆេរនៅលើខ្លួន រកឃើញម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះទ្រីស វណ្ណា បានសារភាពថា «ថ្នាំញៀនចំនួន០២កញ្ចប់ខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ តម្លៃ៥៥០ដុល្លារ(ប្រាំរយហាសិបដុល្លារ)រួចវេរលុយតាមវីងទៅឱ្យលេខទូរសព្ទលេខ(…)ដើម្បីយកមកលក់បន្ត»។

បន្ទាប់ពីរសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *