ប៉ូលិសអាមេរិក បន្តព័ទ្ធផ្ទះជនសង្ស័យ បាញ់មនុស្ស១៨នាក់ នៅរដ្ឋមេន

បរទេស ៖ ប៉ូលិសប្រដាប់អាវុធធុនធ្ងន់ បានបន្តឡោមព័ទ្ធផ្ទះមួយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ខណៈដែលពួកគេស្វែងរកទាហានបម្រុងអាមេរិកម្នាក់ឈ្មោះ«រ៉ូប៊ឺត ខាត» ដែលអាជ្ញាធរនិយាយថា«បានបាញ់មនុស្ស ១៨ នាក់ស្លាប់និង បង្ករបួស ១៣ នាក់នៅក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំ នៅក្លិបប៊ូលីងនិងបារមួយក្នុងទីក្រុងឡេវីស្តុន(Lewiston) រដ្ឋមេន (Maine)»។

ប៉ូលិសបានស្រែកតាមរយៈមេក្រូនៅខាងក្រៅផ្ទះដែលជាកម្មសិទ្ធិរបស់សាច់ញាតិរបស់ជនសង្ស័យឈ្មោះ រ៉ូបឺត ខាត(Robert Card) នៅជិតទីប្រជុំជនបូវដូអីន (Bowdoin) យ៉ាងដូច្នេះថា «អ្នកត្រូវតែចេញមកខាងក្រៅឥឡូវនេះដោយមិនមានអ្វីនៅក្នុងដៃ ហើយដាក់ដៃឡើងលើ»។ ពួកគេ​បាន​អំពាវនាវ​ឱ្យលោកខាត និងអ្នកដទៃ​នៅ​ក្នុង​ផ្ទះ​ចេញ​មកលើ​ដងផ្លូវ។

ចំណែកភ្នាក់ងារអនុវត្តច្បាប់រាប់រយនាក់ រួមទាំងភ្នាក់ងារ FBI រាប់សិបនាក់បាននិងកំពុងតាមប្រមាញ់ ទាហានបម្រុងអាយុ ៤០ ឆ្នាំ ដែលមានប្រវត្តិបញ្ហាសុខភាពផ្លូវចិត្ត ចាប់តាំងពីការបាញ់ប្រហារកាលពីយប់ថ្ងៃពុធ នៅក្លិបប៊ូលីងនិងបារមួយដែលបង្កការភ័យស្លន់ស្លោនាំឱ្យមនុស្សរត់ពួនក្រោមតុនិងនៅពីក្រោយប្រអប់ប៊ូលីង ហើយធ្វើឱ្យរដ្ឋមេនទាំងមូលស្ថិតក្នុងសភាពគួរឱ្យភ័យខ្លាច។

ចំពោះសាលារៀន ការិយាល័យវេជ្ជបណ្ឌិត និង ហាងលក់គ្រឿងទេស បានបិទទ្វារ ហើយមនុស្សស្នាក់នៅតែក្នុងផ្ទះចាក់សោ ក្នុងទីក្រុងនានាស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រ ពីកន្លែងកើតហេតុនៃការបាញ់ប្រហារកាលពីយប់ថ្ងៃពុធកន្លងទៅ នៅទីក្រុងឡេវីស្តុន។

ប្រធានាធិបតី លោកចូ បៃដិន ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យបង្ហូតទង់ជាតិអាមេរិកទាំងអស់នៅពាក់កណ្តាលដងខណៈដែលការរំលែកទុក្ខបានហូរជុំវិញប្រទេសនិងនៅតាមផ្ទះនានា រួមទាំងអ្នកនិពន្ធមានដើមកំណើតនៅរដ្ឋមេនលោក ស្តេហ្វិន ឃីង (Stephen King) ដែលបានហៅទង្វើនេះថា «ឆ្កួតលីលា»។

ការវាយប្រហារនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់រដ្ឋដែលមានមនុស្សត្រឹមតែ ១,៣ លាននាក់ ដែលមានអត្រាមនុស្សឃាតទាបបំផុត គឺ ការសម្លាប់ត្រឹម២៩ នាក់ក្នុងឆ្នាំ ២០២២។

ឯអាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខាតត្រូវបានចាត់ទុកថាមានអាវុធនិងមានគ្រោះថ្នាក់ ហើយមិនគួរចូលទៅជិតនោះទេ។ ខាតបានទទួលការវាយតម្លៃសុខភាពផ្លូវចិត្តកាលពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីគាត់ចាប់ផ្តើមធ្វើសកម្មភាពខុសប្រក្រតី ខណៈពេលដែលគាត់នៅជាមួយកងវរសេនាធំបម្រុងរបស់គាត់ ។ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន The Associated Press ។

ប៉ូលិសមិនបានប្រាប់ថា តើពួកគេបានឃើញខាតឬយ៉ាងណាទេ ចាប់តាំងពីការបាញ់ប្រហារនៅបារSchemengees Bar and Grille និងនៅក្លិបប៊ូលីង Just-In-Time Recreation នៅចម្ងាយប្រហែល ៦គីឡូម៉ែត្រពីគ្នា។ ការិយាល័យតម្រួតតំបន់អានដ្រូស្កូកហ្គីនខោនធី (Androscoggin County) បានចេញផ្សាយរូបថតចំនួនពីររបស់ជនសង្ស័យដែលកំពុងដើរលីកាំភ្លើងចូលទៅក្នុងក្លិបប៊ូលីង។

អ្នកស៊ើបអង្កេតក៏មិនបានប្រាប់ដែរថា តើកាំភ្លើងឬអាវុធប្រភេទណាដែលប្រើក្នុងការបាញ់ប្រហារឬពីរបៀបដែលគាត់ទទួលបានវា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *