មហាសន្និបាតអ.ស.ប.អំពាវនាវឱ្យមានបទឈប់បាញ់ «ដើម្បីមនុស្សធម៌»នៅតំបន់ហ្គាហ្សា

បរទេស ៖ មហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប.) បានអនុម័តសេចក្តីសម្រេចចិត្តមួយដែលមិនចងដោយច្បាប់កាលពីថ្ងៃសុក្រម្សិលមិញ ដោយអំពាវនាវឱ្យមាន «បទឈប់បាញ់ដើម្បីមនុស្សធម៌» នៅក្នុងតំបន់ហ្គាហ្សាដោយនាំឱ្យមានការបញ្ឈប់អរិភាពរវាងមេដឹកនាំអ៊ីស្រាអែល និង ក្រុមហាម៉ាស នៃតំបន់ហ្គាហ្សា ដែលជាការឆ្លើយតបដំបូងរបស់អ.ស.ប.ចំពោះសង្គ្រាម។

ចំណែកស្ថាប័នពិភពលោក ដែលមានសមាជិកចំនួន ១៩៣ ប្រទេសនេះ បានអនុម័តសេចក្តីសម្រេចចិត្តនេះដោយការបោះឆ្នោតក្នុងសំឡេង ១២០-១៤ ដោយមាន ៤៥ បោះអនុប្បវាទ បន្ទាប់ពីបានច្រានចោលពង្រាងសេចក្តីសម្រេចចិត្តរបស់ប្រទេសកាណាដា ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ 

សេចក្តីសម្រេចចិត្តនេះ នឹងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ការវាយប្រហារភេរវកម្ម» កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយក្រុមហាម៉ាស និងទាមទារឱ្យដោះលែងភ្លាមៗ នូវចំណាប់ខ្មាំងដែលចាប់ដោយក្រុមហាម៉ាស ដែលមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្តដែលព្រាងដោយអារ៉ាប់។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអ.ស.ប. លោក រីយ៉ាដ ម៉ាន់សួ (Riyad Mansour) បានហៅមហាសន្និបាតនេះថា «មានភាពក្លាហានជាងនិងមានគោលការណ៍ច្បាស់លាស់ជាង»ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដ៏បែកបាក់ ដែលបានបរាជ័យក្នុងការប៉ុនប៉ងចំនួនបួនលើក ក្នុងអំឡុងពីរសប្តាហ៍កន្លងទៅ ដើម្បីឈានដល់កិច្ចព្រមព្រៀងលើសេចក្តីសម្រេចចិត្តមួយ។ ពង្រាងសេចក្តីសម្រេចចិត្តចំនួនពីរត្រូវបានវ៉េតូនិង​ពីរ​ទៀត​មិន​ទទួល​បាន​សំឡេងអប្បបរមាចំនួន៩​ ដែល​ត្រូវ​ការ​សម្រាប់​ការ​អនុម័ត។

លោក ជីឡាដ អឺដាន (Gilad Erdan) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអ.ស.ប. បានហៅវាថាជា «ថ្ងៃទុយ៌សបំផុត»ដោយនិយាយបន្ទាប់ពីការបោះឆ្នោតថា «អ៊ីស្រាអែលនឹងមិនបញ្ឈប់ប្រតិបត្តិការនេះទេ ដរាបណាសមត្ថភាពរបស់ក្រុមភេរវកម្មហាម៉ាសត្រូវបានបំផ្លាញ ហើយចំណាប់ខ្មាំងរបស់យើងត្រូវបានត្រឡប់មកវិញ។ ហើយមធ្យោបាយតែមួយគត់ដើម្បីបំផ្លាញក្រុមហាម៉ាស គឺដកពួកវាចេញពីផ្លូវរូងក្រោមដីរបស់ពួកវានិងទីក្រុងភេរវកម្មនៅក្រោមដីឱ្យអស់»។

ឯនៅបណ្តាប្រទេសអារ៉ាប់ដែលខកចិត្ត បានទៅមហាសន្និបាត ដែលគ្មានវេតូ ដើម្បីជំរុញឱ្យមានការឆ្លើយតបរបស់អ.ស.ប.ហើយឯកអគ្គរដ្ឋទូតអារ៉ាប់រួមអេមីរ៉ាតប្រចាំអ.ស.ប. លោកស្រី ឡាណា នូសសីបេ (Lana Nusseibeh) តំណាងអារ៉ាប់នៅក្រុមប្រឹក្សាសន្តិសុខ បានសម្តែងក្តីរីករាយចំពោះលទ្ធផលខាងលើនេះ។

លោកស្រីបាននិយាយថា «សំឡេងឆ្នោតចំនួន ១២០ នៅក្នុងបរិយាកាសភូមិសាស្ត្រ នយោបាយនេះគឺជាសញ្ញាមួយខ្ពស់នៃការគាំទ្រចំពោះច្បាប់អន្តរជាតិ សម្រាប់ការប្រើប្រាស់កម្លាំងតាមសមាមាត្រ ហើយវាជាការបដិសេធចំពោះស្ថានភាពបច្ចុប្បន្នដែលកំពុងកើតឡើងជាក់ស្តែង»។

ចំណែកប្រទេសចំនួន ១៤ ដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចចិត្តនេះ រួមមានអ៊ីស្រាអែល និងសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ប្រទេសកោះប៉ាស៊ីហ្វិកចំនួនប្រាំ និងប្រទេសអឺរ៉ុបចំនួន ៤ ប៉ុណ្ណោះ គឺអូទ្រីសក្រូអាស៊ី ឆែក និង ហុងគ្រី។ ប្រទេស​អឺរ៉ុប​ភាគច្រើន​បោះឆ្នោត​យល់ព្រមឬ​អនុប្បវាទ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *