លោកចូ បៃដិន ៖ អ៊ីស្រាអែលត្រូវតែការពារ ជនស៊ីវិលនៅតំបន់ហ្គាហ្សា ខណៈការអំពាវនាវសុំជំនួយកើនឡើង

បរទេស ៖ សេតវិមានបានព្រមានកាលពីថ្ងៃអាទិត្យថា «អ៊ីស្រាអែលត្រូវតែការពារអ្នកស្រុក នៅតំបន់ហ្គាហ្សាស្លូតត្រង់ ដោយបែងចែករវាងក្រុមសកម្មប្រយុទ្ធហាម៉ាសនិងជនស៊ីវិល ខណៈមេដឹកនាំពិភពលោកបានបង្កើនការអំពាវនាវឱ្យមានជំនួយមនុស្សធម៌ ដែលត្រូវការយ៉ាងខ្លាំងចូលទៅដល់ដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម។

ទាហានអ៊ីស្រាអែល​បាន​បង្កើន កិច្ច​ប្រតិបត្តិការ​ជើងអាកាសនិង​ជើងគោក​ប្រឆាំង​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សាបន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​បង្ហូរឈាម​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​កាលពី​ជាង​បី​សប្តាហ៍​មុន ដែល​អាជ្ញាធរ​អ៊ីស្រាអែល​បាន​និយាយ​ថា​«សម្លាប់​មនុស្ស​យ៉ាងតិច ១.៤០០​នាក់ ដែល​ភាគច្រើន​ជា​ជនស៊ីវិល»។

ចំណែកក្រសួង​សុខាភិបាល​នៅ​ហ្គាហ្សា​ស្ទ្រីប​និយាយ​ថា ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលាមក ជន​ប៉ាឡេស្ទីន​ជាង ៨.០០០ ​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​សងសឹក​របស់​អ៊ីស្រាអែល ដែល​ពាក់​កណ្តាល​ជា​កុមារ។

ឯអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអាទិត្យថា «សណ្តាប់ធ្នាប់ស៊ីវិល» កំពុងចាប់ផ្តើមដួលរលំនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីមនុស្សរាប់ពាន់នាក់បាននាំគ្នារុះរើឃ្លាំងអាហារនៅទីនោះ ដោយប្រមូលយកស្រូវសាលី ម្សៅ និងការផ្គត់ផ្គង់ផ្សេងៗទៀត។ ការបង្ហូរឈាមនេះ បានធ្វើឱ្យរដ្ឋបាលលោកបៃដិន ព្រមានអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យថា«ពួកគេត្រូវតែការពារជីវិតជនស៊ីវិល»។

សេតវិមានបាននិយាយថា លោកចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងការហៅតាមទូរសព្ទយ៉ាងដូច្នេះថា «ខណៈសម្ពន្ធមិត្តរបស់អាមេរិកមួយនេះ មានសិទ្ធិការពារខ្លួន ពួកគេក៏ត្រូវតែធ្វើដូច្នេះ ក្នុងលក្ខណៈស្របជាមួយនឹងច្បាប់មនុស្សធម៌អន្តរជាតិដែរ ដែលផ្តល់អាទិភាពដល់ការការពារជនស៊ីវិល»។

លោកបាននិយាយដូច្នេះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិរបស់គាត់គឺលោក ជែក ស៊ូលលីវ៉ាន់ (Jake Sullivan) បានប្រាប់ CNN ថា «អ៊ីស្រាអែល គួរតែធ្វើគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីបែងចែករវាងក្រុមហាម៉ាស ដែលជាគោលដៅយោធាស្របច្បាប់ និង ជនស៊ីវិល ដែលមិនមែនជាគោលដៅស្របច្បាប់»។

លោកចូ បៃដិនក៏បាននិយាយជាមួយប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតតា អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) ហើយមេដឹកនាំទាំងពីរ «បានប្តេជ្ញាចិត្តចំពោះការបង្កើនល្បឿនដ៏សំខាន់និងការបង្កើនជំនួយដែលហូរចូលទៅក្នុងតំបន់ហ្គាហ្សាចាប់ពីថ្ងៃនេះ»។ នេះបើយោងតាមការចេញផ្សាយពីសេតវិមាន។

លោករីស៊ី ស៊ូណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរុញជំនួយមនុស្សធម៌ជាបន្ទាន់ចូលទៅក្នុងដែនដីប៉ាឡេស្ទីន ខណៈដែលប្រធានអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយថា «ស្ថានភាពកាន់តែអស់សង្ឃឹមទៅៗហើយនៅត្រឹមម៉ោងនេះ»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *