លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ច្រានចោល​បទ​ឈប់​បាញ់ ​នៅ​តំបន់ហ្គាហ្សា​

បរទេស៖ នាយករដ្ឋមន្ត្រី លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ បាននិយាយកាលពីថ្ងៃចន្ទថា«បទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នឹងមិនកើតឡើងបានទេ»ខណៈដែលអង្គការសហប្រជាជាតិ(អ.ស.ប.)បានព្រមានថា «មិនមានជំនួយគ្រប់គ្រាន់ចូលទៅបំពេញ តម្រូវការមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមកនោះទេ»។

កងកម្លាំងទាហានជើងគោកអ៊ីស្រាអែល បានវាយប្រយុទ្ធគ្នានៅខាងក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយការវាយប្រហារតាមអាកាសបានវាយជ្រំលើដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅ ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

កិច្ចប្រតិបត្តិការយោធាកាន់តែខ្លាំងឡើង បានបង្កើនក្តីបារម្ភសម្រាប់ប្រជាជន ២,៤ លាននាក់នៃតំបន់ហ្គាហ្សា ជាកន្លែងដែលក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា «មានមនុស្សជាង ៨.៣០០ នាក់ត្រូវបានស.ម្លាប់»។

នៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មានបរទេស លោកណេតាន់យ៉ាហ៊ូបាននិយាយថា «បទឈប់បាញ់នឹងស្មើនឹងការចុះចាញ់ក្រុមហាម៉ាស ដែលខ្មាន់កាំភ្លើងរបស់ពួកវាបានសម្លាប់មនុស្ស ១.៤០០ នាក់ និង ចាប់ចំណាប់ខ្មាំងជាង ២៣០ នាក់»។ នេះបើយោងតាមតួលេខចុងក្រោយរបស់អ៊ីស្រាអែល។

លោកបន្តថា «ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស ចុះចាញ់អំពើភេរវកម្ម…វានឹងមិនកើតឡើងបានទេ, ការប្រយុទ្ធរហូតដល់សមរភូមិនេះត្រូវបានយកឈ្នះ»។ ចំណែកសម្ពន្ធមិត្ត​អ៊ីស្រាអែល គឺ សហរដ្ឋ​អាមេរិក​ ក៏​បាន​ជំទាស់​នឹង​បទ​ឈប់​បាញ់​ដែរ។

លោក ចន កឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បាននិយាយថា «យើងមិនជឿថាបទឈប់បាញ់គឺជាចម្លើយត្រឹមត្រូវនៅពេលនេះទេ, ការផ្អាកបាញ់ ដើម្បីឱ្យជំនួយចូលទៅកាន់តំបន់ហ្គាហ្សា គួរតែត្រូវបានពិចារណាជំនួសវិញ»។

ខណៈពេលដែលកងកម្លាំងទាហានអ៊ីស្រាអែល បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសនៅក្នុងទឹកដីប៉ាឡេស្ទីនដ៏តូចចង្អៀត ហើយបញ្ជូនរថក្រោះទៅកាន់ជាយក្រុងហ្គាហ្សា ការព្រួយបារម្ភបានផ្ទុះឡើងអំពីវិបត្តិមនុស្សធម៌ដែលកំពុងរីករាលដាល។

លោកកឺប៊ីបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានទំនុកចិត្តក្នុងការបង្កើនចំនួនរថយន្តដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាតាមរយៈច្រកឆ្លងកាត់រ៉ាហ្វា (Rafah) ជាមួយប្រទេសអេហ្ស៊ីប មានដល់ប្រហែល ១០០ គ្រឿងក្នុងមួយថ្ងៃ។

ជំនួយតិចតួចបានចូលទៅក្នុងតំបន់ហ្គាហ្សា ពីប្រទេសអេហ្ស៊ីបក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ,ប៉ុន្តែបណ្តាទីភ្នាក់ងារផ្តល់ជំនួយនិយាយថា បរិមាណជំនួយនៅខ្វះរាប់រយឡានក្នុងមួយថ្ងៃ។

លោក ហ្វីលីព ឡាសហ្សារីនី (Philippe Lazzarini) ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ UNRWA បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ទាមទារឱ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌ជាបន្ទាន់។

លោកបន្តថា «ប្រព័ន្ធនៅនឹងកន្លែងដែលអនុញ្ញាតឱ្យជំនួយចូលទៅកាន់តំបន់ហ្គាហ្សាត្រៀមតែដួលរលំ ,លុះត្រាតែមានឆន្ទៈនយោបាយដើម្បីធ្វើឱ្យលំហូរនៃការផ្គត់ផ្គង់ដ៏មានអត្ថន័យ ដែលនឹងបំពេញតម្រូវការមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក»។

ចំណែកការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា «អាហារនិងថ្នាំពេទ្យដែលចូលតំបន់ហ្គាហ្សា ត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យដោយបុគ្គលិកសន្តិសុខអ៊ីស្រាអែល និង ដឹកជញ្ជូនតាមរយៈអេហ្ស៊ីប»។

ការិយាល័យរបស់លោកណេតាន់យ៉ាហ៊ូបន្តថា «ក្បួនរថយន្តមានគោលបំណងសម្រាប់ប្រជាជនស៊ីវិល ហើយប្រសិនបើវាបង្ហាញថាពួកវាត្រូវបានចាប់ដោយក្រុមហាម៉ាស ពួកវានឹងត្រូវបញ្ឈប់ភ្លាម»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *