ប្តីយកទូរសព្ទគប់ក្បាលប្រពន្ធបែកឈាម ក្រោយទាស់ពាក្យសម្តីគ្នា

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួននៅផ្ទះគ្មានលេខ ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃទី៣១តុលាឆ្នាំ២០២៣ ម៉ោង ៦និង១០នាទីល្ងាច បន្ទាប់ពីបានប្រើអំពើហិង្សាយកទូរសព្ទគប់ក្បាលប្រពន្ធបែកឈាម ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះថ.ម ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ចំណែកជនសង្ស័យឈ្មោះ សយ ស៊ីដា ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ 

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនសង្ស័យជាប្តីផឹកស្រាស្រវឹងខ្លាំងមកដល់ផ្ទះ ជនរងគ្រោះក៏ស្តីបន្ទោសឱ្យប្រពន្ធក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យក៏យកទូរសព្ទម៉ាក Vivo ពណ៌ទឹកសមុទ្រ គប់ជនរងគ្រោះត្រូវចំក្បាលបែកចេញឈាម ។ ពេលនោះក្រុមគ្រួសារជនរងគ្រោះទូរសព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទូរសព្ទ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី សាកសួរ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅគ្លីនិចឯកជន។

សមត្ថកិច្ចបន្តថា កន្លងមកកាលពីថ្ងៃទី ១០តុលាឆ្នាំ២០២៣ ជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានលោកស្រី អ៊ុក រ៉េតគន្ធាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេច មិនឃុំខ្លួន (ដីកាលេខ ៦៨០៦) ឱ្យជនសង្ស័យនៅក្រៅឃុំជាបណ្តោះអាសន្ន។ 

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *