ប្រទះឃើញសពបុរសជនជាតិអង់គ្លេសម្នាក់ ធ្លាក់ចូលទឹកទន្លេពីលើកប៉ាល់លង់ស្លាប់

ភ្នំពេញ ៖ អ្នកស្រុកប្រទះឃើញសាកសពបុរសជនជាតិអង់គ្លេសអណ្ដែតទឹក នៅចំណុចក្នុងទឹកទន្លេមេគង្គក្រោមត្រើយខាងលិច ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ GROSSMAN PAUL ANTHONY ភេទប្រុស កើតឆ្នាំ១៩៦០ ជនជាតិអង់គ្លេស មុខរបរទេសចរណ៍ ស្នាក់នៅក្នុងកាប៉ាល់ទេសចរណ៍ ចតនៅផែក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្តាល។

ប្រភពបន្តថា នៅល្ងាចថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក ទន្លេមេគង្គក្រោម ទើបផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ច។

យោងតាមការបំភ្លឺពីឈ្មោះ តោ នី ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរជំនួយការកំពង់ផែភ្នំពេញបានឱ្យដឹងថា នៅម៉ោងប្រហែល១២យប់អធ្រាត្រ ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បុគ្គលិកធ្វើការនៅកំពង់ផែស្រុកមុខកំពូលបានទំនាក់ទំនងមកប្រាប់ខ្ញុំថា«មានជនជាតិបរទេសម្នាក់ជាភ្ញៀវស្នាក់នៅក្នុងកាប៉ាល់ទេសចរណ៍បានធ្លាក់ចូលទៅក្នុងទឹកលិចបាត់» ទើបខ្ញុំបានប្រាប់ឱ្យទំនាក់ទំនងខាងសង្គ្រោះដើម្បីស្វែងរកតាមបណ្ដោយមាត់ទនេ្លមេគង្គ។

ប្រភពបន្តថា លុះដល់ល្ងាចថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ ម៉ោង៦ល្ងាច ទើបមានគ្នាខ្ញុំទំនាក់ទំនងមកប្រាប់ថាប្រទះឃើញសាកសពអណ្ដែតទឹកទន្លេមេគង្គ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ទើបខ្ញុំបានទៅមើលសាកសព និងជួបជាមួយសមត្ថកិច្ច រួចខាងសមត្ថកិច្ចបានដឹកសាកសពមកតម្កល់នៅវត្តទឹកថ្លាដើម្បីពិនិត្យកោសល្យវិច័យ។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សមត្ថកិច្ចបានសន្និដ្ឋានថា «បុរសជនជាតិអង់គ្លេសស្លាប់ដោយសារការលង់ទឹក»។ បច្ចុប្បន្នសាកសពតម្កល់នៅវត្តទឹកថ្លា៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *