រថយន្តដឹកប្រេងបើកកៀរម៉ូតូស្កូពីដួលកិនលើជនរងគ្រោះស្ត្រីម្នាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកប្រេងក្រុមហ៊ុនសូគីម៉ិច បើកកៀរម៉ូតូស្កូពី ដួលកិនលើស្ត្រីរងគ្រោះ កើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីល្ងាច ថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប ផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណ ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិភ្លើងឆេះរទេះសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ជិះម៉ូតូម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IM-5752 ជាមធ្យោបាយ ។

យោងតាមប្រភពនៅកន្លែងបានឱ្យដឹងថា ដំបូងជនរងគ្រោះ ដឹកសាប៊ូ ម្សៅ យកទៅឱ្យម៉ូយ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ,លុះដល់ចំណុចកើតហេតុ ភ្លើងស្តុបពណ៌ខៀវ ទើបជនរងគ្រោះបន្តជិះ មិនទាន់ផុតផងស្រាប់តែរថយន្តបង្ក ដឹកប្រេង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-0193 បើកតាមផ្លូវបេតុងវត្តជន្លង់ម្លូ ពីកើតទៅលិច ដល់ចំណុចភ្លើងស្តុបបត់ស្តាំ បំណងឆ្ពោះទៅជើង តែរថយន្តធុន វែង បត់ជ្រុលកៀរម៉ូតូដួលកិនជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ព្យាយាមសង្គ្រោះ អស់រយៈពេល៣០នាទីក្រោយ ជនរងគ្រោះស្លាប់បាត់ជីវិត ។

ចំណែករថយន្តនិងម៉ូតូ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរជើងគោកក្រុងភ្នំពេញ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *