សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចដោះលែងលោកឧកញ៉ា នាយកក្រុមហ៊ុនពិភពដីមាស និង គូកន៥ នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

ភ្នំពេញ ៖ តាមប្រភពព័ត៌មានធ្លាយចេញពីពន្ធនាគាររាជធានីភ្នំពេញ ហៅកាត់ថា PJ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២៣ បានឱ្យដឹងថា «ជនសង្ស័យគឺលោកឧកញ៉ា ហុី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និង គូកន៥នាក់ ត្រូវបានដោះលែងចេញពីពន្ធនាគារប៉េហ្សុី ឱ្យនៅក្រៅឃុំជាបណ្តោញអាសន្ន ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ការដោះលែងជនសង្ស័យឧកញ៉ាអគ្គនាយកក្រុមហ៊ុនពិភពដីមាស និង គូកនទាំងអស់នោះ គឺជាការធ្វើឡើងតាមសេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ដែលបានបើកសវនាការកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ខណៈសំណុំរឿងទាំងមូលកំពុងស្ថិត នៅដៃតុលាការរាជធានីភ្នំពេញបើកកាស៊ើបអង្កេតមិនទាន់ចប់សព្វគ្រប់ និងឈានទៅបើកសវនាការជំនុំជម្រះក្តី លើអង្គសេចក្តីនោះនៅឡើយទេដែលនេះគ្រាន់តែជាការដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នប៉ុណ្ណោះ ។ 

សូមជម្រាបថា លោក ពេជ្រ វិជ្ជាធរ កាលនៅជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលជាចៅក្រមស៊ើបសួរកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពិភពដីមាស និងគូកន៥ នាក់ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរជាផ្លូវការ ។ចំណែកសន្តិសុខចំនួន៨ នាក់ ត្រូវបានតំណាងអយ្យការសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពវិញ ដោយសំអាងហេតុមិនជាប់ពាក់ពន្ធបទល្មើសទេ ។ 

ចំណែកជនសង្ស័យ៦ នាក់រួមមាន ១-ឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាប្រធានក្រុមប្រឹក្សាភិបាលនិងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ស្នាក់នៅផ្ទះលេខ៥១ដេ ផ្លូវបេតុង ភូមិ-សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ (ជាប់ចោទពីបទឆបោកមានស្ថានទម្ងន់ទោស “ជាក្រុមមានការចាត់តាំង” តាមបញ្ញត្តិមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ។

២-ឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ ជាប្រធានសន្តិសុខក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.កស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

៣-ឈ្មោះ កែ វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

៤-ឈ្មោះ ម៉ិច សុធារ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅស្នាក់ការក្រុមហ៊ុនពិភពដីមាសផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

៥-ឈ្មោះ ឈឹម សុភា ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ បើកបររថយន្ត និងសន្តិសុខក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិនឯ.ក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

៦-ឈ្មោះ ប៊ុត រ៉ី ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ ជំនួយការផ្នែកទីផ្សារ របស់ក្រុមហ៊ុនពិភពដីមាស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងទា ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទាំង៥នាក់នេះ ជាប់ចោទពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ​ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣ រសៀល កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះធ្វើការនាំខ្លួនឈ្មោះ ហ៊ី គឹមហុង នៅចំណុចសា្នក់ការ ក្រុមហ៊ុនពិភពដីមាសមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ពាក់ពន្ធបទល្មើស អំពើ «ឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំង) លើទឹកប្រាក់រាប់សែន ដុល្លារអាមេរិកប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ» នៅក្នុងអំឡុងឆ្នាំ២០២១ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៣០៧ អយក ចុះថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ 

ប៉ុន្តែនៅពេលដែលសមត្តកិច្ចចុះទៅដល់ស្នាក់ការក្រុមហ៊ុនឈ្មោះ ហ៊ី គឹមហុង បានប្រើប្រាស់ក្រុមសន្តិសុខ និងបុគ្គលិកក្រុមហ៊ុនឱ្យធ្វើការរារាំងប្រឆាំង និងកម្លាំងសាធារណៈ ដែលចុះទៅអនុវត្តតាមដីកាបញ្ជាខាងលើនេះដោយក្រុមសន្តិសុខ និងបុគ្គលិករបស់ក្រុមហ៊ុន បានប្រើអំពើហិង្សាវាយដំមកលើសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ច៤នាក់រងរបួស ,បន្ទាប់មកសមត្ថកិច្ចបានធ្វើការនាំខ្លួនឈ្មោះ ហ៊ី គឹមហុង និងក្រុមសន្តិសុខ បុគ្គលិករបស់ក្រុមហ៊ុនសរុប១៤នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវីធី ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ង៉ែត រតនា ភេទប្រុស អាយុ៤៣ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិគល់សង្កាត់កន្ទោក ខណ្ឌកំបូល មុខរបរកម្មកររោងចក្រ និងឈ្មោះ ឃុត សុផាន់ណា ភេទប្រុស អាយុ៤១ ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរកសិករ ដែលជាតំណាងឲ្យប្រជាពលរដ្ឋចំនួន១៨ គ្រួសារ បានបញ្ជាក់ថា «ពួកគាត់បានទិញដីឡូតិ៍ ដែលមានតម្លៃចាប់ពី ១៤ ០០០ រហូតដល់ ៣២ ០០០ ដុល្លារអាមេរិក ពីក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក»។

ក្នុងពេលពួកគាត់ទៅទិញដីឡូតិ៍ពីក្រុមហ៊ុន គឺបុគ្គលិកផ្នែកទីផ្សារបានជូនឱ្យពួកគាត់ជាប្រជាពលរដ្ឋ យកប្លង់ផ្ទះដែលរស់នៅទៅដាក់បញ្ចាំនិងធនាគារប្រៃសណីយ៍ ធនាគារLOLC គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុហត្ថា ធនាគារABA ធនាគារអូរី គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា និងធនាគារអេស៊ីលីដា ។ 

បន្ទាប់ពីខ្ចីប្រាក់ពីធនាគារបានហើយ បុគ្គលិកក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិន បាននាំពួកគាត់យកប្រាក់ទៅប្រគល់ឱ្យក្រុមហ៊ុនពិភពដីមាសអ៊ិនវេសម៉ិន ហើយក្រុមហ៊ុនបានធ្វើតារាងបើកប្រាក់ប្រចាំខែមកឱ្យពួកគាត់ តាមចំនួនប្រាក់ដែលពួកគាត់ប្រគល់ឱ្យទៅក្រុមហ៊ុនចំនួន៣ ភាគរយ ដែលមានចំនួនចាប់ពី ៣០០ដុល្លារអាមេរិក រហូតដល់ចំនួន៩៦០ដុល្លារអាមេរិក(ដោយមានឯកសារភ្ជាប់មកជាមួយ) ។ 

ចំណែកទីតាំងដីឡូតិ៍ដែលពួកគាត់ទិញ ស្ថិតនៅភូមិអណ្តូងច្រុះ ឃុំត្រាចទង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ គឺក្រុមហ៊ុនគ្រាន់តែទៅចង្អុលបង្ហាញទីតាំងដីព្រៃ (ពុំដឹងដីឡូតិ៍នៅទីណា) និងបង្ហាញប្លង់គំរោងដីឡូតិ៍ឲ្យពួកគាត់មើលតែប៉ុណ្ណោះ។ ជាងនេះទៅទៀតតំណាងក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន បានសន្យាទិញយកដីឡូតិ៍ពីពួកគាត់វិញ ក្នុងតម្លៃដដែល នៅពេលក្រុមហ៊ុនបានទទួលប្រាក់ពីពួកគាត់ចំនួន ២៤ ខែ ។ 

បន្ទាប់ពីចុះកិច្ចព្រមព្រៀងស្តីពីការទិញ.លក់ដី រួចហើយ ចាប់ពីខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិនឈប់បើកប្រាក់ប្រចាំខែឱ្យពួកគាត់ ហើយក្រុមហ៊ុនចេះតែសន្យាម្តងថាខែនេះ ម្តងថាខែនោះ រហូតដល់មានរឿងកើតឡើង  ។ 

អ្វីដែលបានលើកឡើងខាងនេះ គឺជាពាក្យបណ្តឹងរបស់ភាគីដើមចោទតែប៉ុណ្ណោះទេ ចំណែកភាគីខាងក្រុមហ៊ុនពិភពដីមាស ដែលរងនូវការចោទប្រកាន់នោះ ពុំទាន់មានធ្វើការបកស្រាយឡើយ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *