អ្នកក្រុងញូវយ៉ក ដើមកំណើតជ្វីហ្វ នាំគ្នាកាន់កាប់រូបសំណាកសេរីភាព ទាមទារឱ្យឈប់បាញ់នៅហ្គាហ្សា

បរទេស ៖ អ្នកភូមិរស់នៅក្រុងញូវយ៉ក មានដើមកំណើតជ្វីហ្វអាមេរិករាប់រយនាក់ បានកាន់កាប់រូបសំណាកសេរីភាពនៃទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទម្សិលមិញ ដើម្បីទាមទារឱ្យមានបទឈប់បាញ់ដោយទាហានអ៊ីស្រាអែល និង ការបញ្ចប់ការទម្លាក់គ្រាប់បែកប្រល័យពូជសាសន៍ ទៅលើជនស៊ីវិលនៅតំបន់ហ្គាហ្សា។

អ្នកស្រុកបានពាក់អាវយឺតពណ៌ខ្មៅរំលេចដោយពាក្យស្លោក «ជនជាតិជ្វីហ្វទាមទារបទឈប់បាញ់ឥឡូវនេះ» ឬ«មិនមែនតាងនាមពួកយើង»ក្រុមបាតុករបានលើកបដាជាច្រើនដោយសរសេរថា «ពិភពលោកទាំងមូលកំពុងសម្លឹងមើល»និង «ប៉ាឡេស្ទីនគួរតែមានសេរីភាព» នៅឯជើងតាងរូបតំណាងសេរីភាព នាក្រុងញូវយ៉ក។រូបសំណាកទង់ដែងដ៏ធំនេះ មានទីតាំងនៅលើកោះសេរីភាព (Liberty) នៅច្រកចូលកំពង់ផែញូវយ៉ក។

លោក ជេ សាភើ (Jay Saper) មកពីអង្គការសំឡេងជ្វីហ្វដើម្បីសន្តិភាព (JVP) ដែលជាអ្នករៀបចំការជួបជុំនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ពាក្យដ៏ល្បីល្បាញរបស់បុព្វបុរសជនជាតិជ្វីហ្វរបស់យើង អេមម៉ា ឡាហ្សារ៉ាស់ (Emma Lazarus) ដែលបានចារនៅលើវិមាននេះ បានបង្ខំពួកយើងឱ្យចាត់វិធានការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៃតំបន់ហ្គាហ្សាដែលប្រាថ្នាចង់ដកដង្ហើមដោយសេរី»។

សេចក្តីថ្លែងការណ៍នេះបានដកស្រង់ឃ្លាជាច្រើនពីកំណាព្យ «New Colossus» របស់លោកឡាហ្សារ៉ាស់ ដែលត្រូវបានឆ្លាក់នៅលើសសររូបសំណាក ដើម្បីជាការឧទ្ទិសដល់ជនអន្តោប្រវេសន៍ទៅរស់នៅអាមេរិក។

អ្នកចូលរួមមកពីវិទ្យាស្ថានសម្រាប់ការយល់ដឹងមជ្ឈិមបូព៌ាទាមទារ បញ្ចប់ការទម្លាក់គ្រាប់បែកប្រល័យពូជសាសន៍របស់អ៊ីស្រាអែលទៅលើជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

បើតាមអ្នកថតរូប ឈ្មោះ ណាន ហ្គោលឌីន (Nan Goldin) ដែលឈរជាមួយមន្ត្រីជាប់ឆ្នោតក្នុងស្រុកមួយចំនួន ដែលខ្លះមានឫសគល់ខ្លាំងខាងនយោបាយឆ្វេងនិយម បាននិយាយថា «ដរាបណាប្រជាជននៅហ្គាហ្សាកំពុងស្រែកយំយើងត្រូវស្រែកឱ្យខ្លាំងឡើង មិនថាអ្នកណាព្យាយាមបំបិទមាត់យើងនោះទេ»។

នៅទីក្រុងញូវយ៉ក ដែលជាកន្លែងដ៏ល្បីសម្រាប់ជនចំណាកស្រុក បានរញ្ជួយពេញមួយខែកន្លងមកនេះ ដោយការប៉ះទង្គិចគ្នាជាមួយបាតុកម្មគាំទ្រអ៊ីស្រាអែលនិងប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ទីក្រុងនេះគឺជាជម្រករបស់ជនជាតិជ្វីហ្វប្រហែលពីរលាននាក់និងប្រជាជនមូស្លីមរាប់សែននាក់ ហើយរហូតមកទល់ពេលនេះបានចៀសផុតពីអំពើហិង្សាទាំងឡាយដែលទាក់ទងនឹងជម្លោះនេះ បើទោះបីជាភាពតានតឹងអាចលេចឡើងនៅកន្លែងជាក់លាក់ដូចជាបរិវេណសាកលវិទ្យាល័យក៏ដោយ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *