បង់ក្លាដែសដំឡើងប្រាក់ឈ្នួលអប្បបរមា៥៦ភាគរយ សម្រាប់កម្មករកាត់ដេរ បន្ទាប់ពីមានការតវ៉ា ជាច្រើនសប្តាហ៍

បរទេស ៖ អាជ្ញាធរនៃប្រទេសបង់ក្លាដែស បានប្រកាសអំពីរចនាសម្ពន្ធប្រាក់ខែថ្មីសម្រាប់ការតវ៉ារបស់កម្មកររោងចក្រកាត់ដេរ ជាមួយនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ៥៦ភាគរយ គឺរហូតដល់ ១១៣ ដុល្លារ ដែលការពីមុនត្រឹម៧៥ ដុល្លារ, ប៉ុន្តែ​ក្រុម​កម្មករ​មួយ​ចំនួន​បដិសេធថា«​ការដំ​ឡើង​នេះ​តូច​ពេក»។

លោកស្រី ម៉ុននូចាន ស៊ូហ្វីយ៉ាន (Monnujan Sufian) រដ្ឋមន្ត្រីក្រសួងពលកម្ម និង ការងាររដ្ឋ បានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រាក់ឈ្នួល ដែលបង្កើតឡើងដោយរដ្ឋាភិបាលដែលមានសមាសភាពតំណាងម្ចាស់រោងចក្រនិងកម្មករ។

លោក​ស្រី​បន្តថា ​រចនាសម្ពន្ធ​ប្រាក់​ខែ​ថ្មី​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​ធ្នូឆ្នាំ២០២៣ ។ ចំណែកក្រុមអ្នក​រិះគន់​បាននិយាយ​ថា ថៅកែ​រោងចក្រ​ដែល​មាន​ឥទ្ធិពល​គួរ​តែ​ធ្វើ​ឱ្យច្រើន​ជាង​នេះ​សម្រាប់​កម្មករ។

ការ​សម្រេច​ចិត្ត​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​តវ៉ាហិង្សា​ជាច្រើន​សប្តាហ៍​ដោយ​កម្មករ​ ដែលទាមទារដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ចំនួន ២០៨ ដុល្លារ។ កម្មករ​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ វាយ​ប្រហារ​រោងចក្រ វាយ​តប់​ជាមួយ​ប៉ូលិស និង ​ដុត​រថយន្ត។

ចំណែកការតវ៉ាបានចាប់ផ្តើមបន្ទាប់ពីសមាគមរោងចក្រកាត់ដេរនិងអ្នកនាំចេញរបស់បង់ក្លាដែស ស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែ ២៥ភាគរយគឺស្មើនឹង ៩០ ដុល្លារ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមាចុងក្រោយនេះត្រូវបានប្រកាសក្នុងឆ្នាំ ២០១៨៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *