សហរដ្ឋអាមេរិក ថា ក្រុមហ៊ូធីបាញ់ទម្លាក់ដ្រូនរបស់ខ្លួន ក្បែរឆ្នេរសមុទ្រយេម៉ែន

បរទេស ៖ មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់របស់អាមេរិក បាននិយាយកាលពីថ្ងៃពុធថា ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែនបានបាញ់ទម្លាក់ដ្រូន MQ-9 Reaper របស់អាមេរិក ដោយបញ្ជាក់អំពីការអះអាងមុននេះដោយក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់។

ពួកក្រុមហ៊ូធី ដែលធ្លាប់បាញ់ទម្លាក់ដ្រូនអាមេរិកពីមុន បាននិយាយថា ដ្រូន MQ-9 កំពុងធ្វើចារកម្ម ដែលជាផ្នែកមួយនៃការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់។

មន្ត្រីការពារជាតិអាមេរិកដដែលបន្តថា«ដ្រូន MQ-9 របស់យោធាអាមេរិក ដែលបញ្ជាពីចម្ងាយ ត្រូវបានបាញ់ទម្លាក់នៅក្បែរឆ្នេរសមុទ្រប្រទេសយេម៉ែនដោយកងកម្លាំងក្រុមហ៊ូធី»។

ពួកក្រុមហ៊ូធី ដែលបានដណ្តើមកាន់កាប់រដ្ឋធានីសាណារបស់ប្រទេសយេម៉ែនក្នុងឆ្នាំ ២០១៤ និងគ្រប់គ្រងផ្នែកភាគច្រើននៃប្រទេស បានអះអាងអំពីការបាញ់ទម្លាក់ដ្រូននេះកាលពីព្រឹកថ្ងៃពុធម្សិលមិញ ។

ក្រុមហ៊ូធី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខែលការពារដែនអាកាសរបស់យើងអាចបាញ់ទម្លាក់ដ្រូនMQ-9 របស់អាមេរិក ខណៈវាកំពុងអនុវត្តឈ្លបយកការណ៍និងសកម្មភាពចារកម្មដ៏អរិភាពនៅក្នុងដែនទឹកយេម៉ែនដែលជាផ្នែកមួយនៃការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល» ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *