បរទេស ៖ នាយករបស់មន្ទីរពេទ្យធំនៅតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា «មន្ទីរពេទ្យត្រូវបង្ខំចិត្តបញ្ចុះអ្នកស្លាប់រាប់សិបនាក់នៅក្នុងផ្នូរដ៏ធំមួយ ខណៈដែលប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានជាប់នៅខាងក្នុងដោយការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា»។
កងកម្លាំងទាហានអ៊ីស្រាអែល បានស្ថិតមាត់ច្រកទ្វារចូលនៃមន្ទីរពេទ្យអាល់ស៊ីហ្វា (Al-Shifa) សម្ពាធមានកម្រិតខ្ពស់លើរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការធានាការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។
ចំណែកក្រុមគ្រួសារនៃអ្នកដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសបានទាមទារឱ្យរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ«យប់នេះ»ដើម្បីឱ្យអ្នកជាប់ឃុំមានសេរីភាព ខណៈដែលការចរចាហាក់មានវឌ្ឍនភាពនៅក្រោយឆាក។
ឯមន្ទីរពេទ្យអាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យធំបំផុតរបស់ហ្គាហ្សា វេជ្ជបណ្ឌិតបាននិយាយថា «អ្នកជំងឺនិងមនុស្សដែលមកជ្រកកោន ត្រូវបានជាប់គាំងក្នុងស្ថានភាពដ៏គួរឱ្យរន្ធត់នៅក្នុងមន្ទីរពេទ្យនេះ ដែលអ៊ីស្រាអែលនិយាយថាមានទីតាំងស្ថិតនៅពីលើមូលដ្ឋានបញ្ជាការហាម៉ាសក្រោមដី ដែលជាការចោទប្រកាន់មួយត្រូវបានបដិសេធដោយក្រុមសកម្មប្រយុទ្ធនេះ»។

លោក ម៉ូហាម៉េដ អាប៊ូ សាល់មីយ៉ា (Mohammad Abu Salmiya) នាយកមន្ទីរពេទ្យអាល់ស៊ីហ្វា បាននិយាយថា«មានសាកសពរាយប៉ាយក្នុងបរិវេណមន្ទីរពេទ្យ ហើយមិនមានភ្លើងអគ្គិសនីនៅសាលខ្មោចទៀតទេ,សាកសពចំនួន១៧៩ នាក់ត្រូវបានបញ្ចុះមកទល់ពេលនេះ»។
លោកបន្តថា «យើងត្រូវបង្ខំចិត្តបញ្ចុះពួកគេនៅក្នុងផ្នូរដ៏ធំមួយ,ចំណែកទារក ៧ នាក់និងអ្នកជំងឺ ២៩ នាក់បានស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិតបន្ទាប់ពីប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើងរបស់មន្ទីរពេទ្យបានអស់»។
សាក្សីម្នាក់បាននិយាយថា ក្លិនស្អុយនៃសាកសពរលួយគឺមានគ្រប់ទីកន្លែងក្នុងមន្ទីរពេទ្យហ្គាហ្សានេះ ខណៈការទម្លាក់គ្រាប់បែកនិងការបាញ់កាំភ្លើងលាន់ទ្រហឹងឥតឈប់ឈរក្នុងតំបន់។
ចំណែកអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា «យ៉ាងហោចណាស់មនុស្ស ២.៣០០ នាក់ ដូចជាអ្នកជំងឺ បុគ្គលិកនិងជនស៊ីវិល គឺស្ថិតនៅខាងក្នុងមន្ទីរពេទ្យ ហើយប្រហែលជាមិនអាចគេចខ្លួនបានទេដោយសារតែការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាពីមន្ទីរពេទ្យ ដែលការផ្គត់ផ្គង់កំពុងជិតអស់»។
ទាហានអ៊ីស្រាអែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ដែលបានសម្លាប់មនុស្សប្រមាណ ១.២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ហើយបានឃើញចំណាប់ខ្មាំងចំនួន ២៤០ នាក់ត្រូវបានចាប់ទៅកាន់តំបន់ហ្គាហ្សា។
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា «ការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១១.៣២០ នាក់ ហើយភាគច្រើនជាជនស៊ីវិលរួមទាំងកុមាររាប់ពាន់នាក់ផងដែរ»៕(ប្រែសម្រួលដោយ លោកសំណាង)
