ក្រុមប្រឹក្សាសន្តិសុខអ.ស.ប អនុម័តសេចក្តីសម្រេចចិត្តមួយ អំពាវនាវឱ្យផ្អាកប្រយុទ្ធ នៅហ្គាហ្សា

បរទេស ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប.)កាលពីថ្ងៃពុធបានអនុម័តសេចក្តីសម្រេចចិត្តលើកដំបូងរបស់ខ្លួន ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដោយអំពាវនាវ«ឱ្យផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌ជាបន្ទាន់និងពង្រីកឱ្យធំ»នៅក្នុងតំបន់ហ្គាហ្សា ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរឡើងសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងអំឡុងការវាយប្រហារតាមជើងអាកាសនិងជើងគោករបស់អ៊ីស្រាអែល។

ការ​បោះឆ្នោត​ក្នុង​ក្រុម​ប្រឹក្សា ​ដែល​មាន​សមាជិក​ ១៥ ​គឺ ១២ទល់០ ដោយ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង ​រុស្ស៊ី​បាន​អនុប្បវាទ។ សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានបោះឆ្នោតអនុប្បវាទ ដោយសារតែការខកខាននៃសេចក្តីសម្រេចចិត្តក្នុងការថ្កោលទោសការលុកលុយថ្ងៃទី ៧ ខែតុលាដោយក្រុមហាម៉ាស ហើយរុស្ស៊ីអនុប្បវាទគឺដោយសារតែការខកខានរបស់សេចក្តីសម្រេចចិត្តនេះក្នុងការទាមទារឱ្យមានបទឈប់បាញ់ដើម្បីមនុស្សធម៌ ដែលអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជំទាស់។

សេចក្តីព្រាងចុងក្រោយបានលុបចោលភាសា «ការទាមទារ»ទៅជា«ការអំពាវនាវ» សម្រាប់ការផ្អាកប្រយុទ្ធដើម្បីមនុស្សធម៌ និងសម្រាប់ ការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនៃចំណាប់ខ្មាំងទាំងអស់ដែលចាប់ដោយក្រុមហាម៉ាសនិងក្រុមផ្សេងទៀត។

យ៉ាងណាក៏ដោយ សេចក្តីសម្រេចចិត្ត ដែលសរសេរដោយប្រទេសម៉ាល់តា បានយកឈ្នះលើការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងក្រុមប្រឹក្សានេះមិនឱ្យអនុម័តសេចក្តីសម្រេចចិត្តពីមុនៗចំនួនបួន។

សូមបញ្ជាក់ថា ការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលានៅអ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាសបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ផ្សេងទៀត។ 

ចំណែកអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងការវាយតាមជើងគោកនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលក្រសួងសុខាភិបាលរបស់ហ្គាហ្សានិយាយថា«បានសម្លា.ប់ជនជាតិប៉ាឡេស្ទីនជាង ១១.០០០ នាក់ ដោយពីរភាគបីនៃពួកគេជាស្ត្រីនិងកុមារ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *