ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត នឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​ប​ត្តិការអនុវត្តច្បាប់

ភ្នំពេញ ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ នឹងឈានទៅចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​ប​ត្តិការអនុវត្តច្បាប់។ នេះបើតាមខ្លឹមសារជំនួប នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងមហាផ្ទៃ រវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូ​តអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងហា​ណូ​យ សាធា​​រ​ណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងកិច្ចជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូ​តអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីដំណើរការ នៃការធ្វើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិ​ប​ត្តិការអនុវត្តច្បាប់ ដែលពេលនេះកំពុងស្ថិតនៅ ក្នុងដំណើរការនៃការកែសម្រួល និងរំពឹងថាសម្រេច​បាន នាពេលឆាប់ៗ។ 

ជាមួយគ្នានេះឯកឧត្តម Mohammed Ismaeil A. Dahlwy ក៏បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត អំពីសំណើ ឱ្យមានមន្រ្តីទំនា​ក់ទំនង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកិច្ចសហប្រតិ​ប​ត្តិ​ការ រវាងភាគីទាំងពីរពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជា និងពលរដ្ឋអារ៉ាប៊ីសាអូឌីត។  ឯកឧត្តមបញ្ជាក់ទៀតថា រាជរដ្ឋាភិបា​លអារ៉ាប៊ីសាអូឌីត នឹងអាចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា នារយៈពេល៤ខែខាងមុខនេះ និងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបើកស្ថានទូតនៅអារ៉ាប៊ីសាអូឌីត នាពេលអនាគតដូចគ្នាដែរ។

ជាការឆ្លើយតប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍ និងចាត់ទុកវត្តមាន របស់ឯកឧត្តមឯកអគ្គរាជទូត ថាជាការបង្ហាញឱ្យឃើញ អំពីការយកចិត្តទុកដាក់ របស់ឯកឧត្តម ក្នុងការលើ​កកម្ពស់ កិច្ចសហប្រតិបត្តិកា​រកាន់តែជិតស្និទ្ធ ​​រវា​ងអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយ ក្រសួងមហាផ្ទៃផ្ទាល់។

ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនា​ក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើត ទំនា​ក់​​ទំនងការទូត ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក ហើយមានសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈបេសកកម្មរបស់ ឯកឧត្តមឯកអគ្គរាជទូត កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ នឹងត្រូវបានប​ន្តពង្រឹងពង្រីក ឥតឈប់ឈ​រ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ៕ ដោយ ៖ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *