រថយន្តពីរគ្រឿងពន្លះគ្នាបណ្ដាលឱ្យបុរសម្នាក់គ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបើករថយន្តលឿនជ្រុលបុករថយន្តដឹកទឹកកកកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ចាក់ទឹកកកពេញផ្លូវ កៀបជាប់តៃកុងរថយន្តកាមរី ត្រូវបានកងកម្លាំងសង្គ្រោះ ៧១១កងពលតូចលេខ ៧០ មកវះរថយន្តយកសពមនុស្សចេញ ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៣និង៤០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣ត្រង់ចំណុចផ្សារកាណាយ៉ា តាមបណ្តោយផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះជាង សក្កណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនាញអាយធីរស់នៅក្នុងភូមិ១០ ផ្លូវលេខ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានដឹងថា ដំបូងគេឃើញរថយន្តដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2N-8824 បើកតាមបណ្ដោយផ្លូវចោមចៅ ហៅផ្លូវវេងស្រេងទិសដៅពីកើតមកលិចយ៉ាងលឿន ,ខណៈមកដល់ចំណុចកើតហេតុខាងលើបានបង្អន់ល្បឿនបម្រុងបត់ឆ្វេង ស្រាប់តែមានរថយន្តកាមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ពាក់ស្លាកលេខភ្នំពេញ2R-8861 បើកតាមបណ្ដោយចោមចៅ ក្នុងទិសដៅពីកើតមកលិច ស្របទិស គ្នាយ៉ាងលឿន។

លុះដល់ចំណុចខាងលើ ក៏បានមកបុកពេញទំហឹងបណ្ដាលឱ្យរថយន្តដឹកទឹកកកក្រឡាប់ផ្ងារកង់មួយចំហៀងចាក់ទឹកកកចោលពេញផ្លូវ ហើយអ្នកបើកបររត់បាត់តែម្តង ។ ចំណែកឯរថយន្តកាមរី កៀបជាប់ អ្នកបើកបរនៅក្នុងរថយន្ត ត្រូវបានកងកម្លាំងសង្គ្រោះ ៧១១ កងពលតូចលេខ៧០ បានមកវះរថយន្តយកមនុស្សចេញតែកម្មអកុសលបានបាត់បង់ជីវិតទៅហើយ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *