បរទេស ៖ ទាហានរបស់អ៊ីស្រាអែល បានខិតខំរកឃើញកំណាត់ផ្លូវរូងក្រោមដីដែលប្រើដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅមន្ទីរពេទ្យអាល់ស៊ីហ្វា (Al Shifa) នៃតំបន់ហ្គាហ្សា ខណៈដែលអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថា គ្មានជំនួយណាមួយនឹងត្រូវបញ្ជូនឱ្យទៅប្រជាជនប៉ាឡេស្ទីនកាលពីថ្ងៃសុក្រតាមរយៈច្រកព្រំដែនរ៉ាហ្វា(Rafah) ជាមួយអេហ្ស៊ីបឡើយ។
ទាហាន បានចេញផ្សាយវីដេអូដែលខ្លួននិយាយថា«បង្ហាញពីច្រកចូលផ្លូវរូងក្រោមដីនៅក្នុងតំបន់ខាងក្រៅនៃមន្ទីរពេទ្យអាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សា។ទាហានរបស់ខ្លួនក៏បានរកឃើញរថយន្តមួយនៅក្នុងមន្ទីរពេទ្យដែលមានអាវុធមួយចំនួនធំផងដែរ»។
វីដេអូ ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះ បានបង្ហាញរណ្តៅដ៏ជ្រៅមួយនៅក្នុងដីដែលពោរពេញដោយសំរាមនិងព័ទ្ធជុំវិញដោយកម្ទេចថ្មបេតុង ព្រមទាំងឈើនិងខ្សាច់។ វាហាក់ដូចជាតំបន់នោះត្រូវបានគេជីកកកាយ ព្រោះមានគ្រឿងចក្រឈូសឆាយមួយនៅពីក្រោយ។
ចំណែកក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «ការអះអាងដោយមន្ទីរបញ្ចកោណនិងក្រសួងការបរទេសអាមេរិកថា ក្រុមនេះប្រើប្រាស់មន្ទីរពេទ្យអាល់ស៊ីហ្វាសម្រាប់គោលបំណងយោធា គឺជាការនិយាយឡើងវិញនៃរឿងនិទានមិនពិត ដែលបង្ហាញដោយការសម្តែងដ៏អន់និងគួរឱ្យអស់សំណើចរបស់អ្នកនាំពាក្យកងទ័ពកាន់កាប់»។

ឯអ្នកនាំពាក្យសេតវិមានលោក ចន កឺប៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «សហរដ្ឋអាមេរិកមានទំនុកចិត្តលើការវាយតម្លៃពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនលើសកម្មភាពរបស់ក្រុមហាម៉ាសនៅក្នុងមន្ទីរពេទ្យអាល់ស៊ីហ្វាហើយនឹងមិនចែករំលែក ឬបញ្ជាក់លម្អិតអំពីវានោះទេ»។
ក្រុមហ៊ុនទូរគមនាគមន៍ចំនួនពីរនៅហ្គាហ្សាបាននិយាយថា ប្រភពថាមពលទាំងអស់ដែលផ្គត់ផ្គង់បណ្តាញបានអស់ហើយ ដូច្នេះសេវាកម្មទាំងអស់នៅក្នុងដែនដីនេះត្រូវបិទ។ អ៊ីស្រាអែលបដិសេធការនាំចូលប្រេងឥន្ធនៈ ដោយនិយាយថា «ក្រុមហាម៉ាសអាចប្រើវាក្នុងគោលបំណងយោធា»។
ដោយហេតុថាការប្រាស្រ័យទាក់ទងគ្នាបានដាច់និងគ្មានប្រេងឥន្ធនៈទៀតនោះ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ហៅកាត់ថា UNRWA បាននិយាយថា «វាមិនអាចទៅរួចទេក្នុងការសម្របសម្រួលក្បួនរថយន្តដឹកជំនួយមនុស្សធម៌»។
លោក ហ្វីលីព ឡាសហ្សារីនី (Philippe Lazzarini) អគ្គស្នងការ UNRWA បាននិយាយថា «ប្រសិនបើប្រេងឥន្ធនៈមិនចូលបានទេ មនុស្សនឹងចាប់ផ្តើមស្លាប់ដោយសារតែខ្វះប្រេងឥន្ធនៈ។ ពិតណាស់ ថាតើនឹងចាប់ផ្តើមពេលណា ខ្ញុំមិនដឹងទេ។ ប៉ុន្តែវានឹងកើតឡើងឆាប់ៗ»។
បើគិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ មិនមានពាក្យអ្វីបន្ថែមពីក្រុមហ៊ុន Paltel និង Jawwal ដែលបណ្តាញអ៊ីនធឺណិតទូរសព្ទចល័ត និង ទូរសព្ទលើតុរបស់ខ្លួន នៅតែមិនអាចដំណើរការបាន៕(ប្រែសម្រួលដោយ លោកសំណាង)
