មានទារក៣១នាក់ ត្រូវបានជម្លៀសចេញពី មន្ទីរពេទ្យធំជាងគេ នៅហ្គាហ្សា

បរទេស ៖ ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា «មានទារកមិនគ្រប់ខែ៣១ នាក់នៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ត្រូវបានផ្ទេរដោយសុវត្ថិភាពកាលពីថ្ងៃអាទិត្យពីមន្ទីរពេទ្យធំរបស់ហ្គាហ្សា ហើយនឹងទៅកាន់ប្រទេសអេហ្ស៊ីប ខណៈដែលអ្នកជំងឺជាង ២៥០ នាក់ដែលមានរបួសធ្ងន់ធ្ងរ និងលក្ខខណ្ឌបន្ទាន់ផ្សេងទៀតនៅតែជាប់គាំង នាប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានចូលទៅក្នុងបរិវេណមន្ទីរពេទ្យដើម្បីស្វែងរកក្រុមហាម៉ាស»។

បើតាមការអះអាងរបស់អ៊ីស្រាអែល ដែលប្រឆាំងនឹងមន្ទីរពេទ្យស៊ីហ្វា (Shifa) បានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៅក្នុងសង្គ្រាមដ៏បំផ្លិចបំផ្លាញរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ជាមួយនឹងទុក្ខលំបាករបស់ទារក ។

ចំពោះការវាយលុករបស់អ៊ីស្រាអែល បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសថាបានប្រើប្រាស់មន្ទីរពេទ្យស៊ីហ្វានិងមន្ទីរពេទ្យផ្សេងទៀតជាទីស្នាក់ការកណ្តាលសម្រាប់ប្រតិបត្តិការយោធា។

ចំណែកទារកទើបនឹងកើតពីមន្ទីរពេទ្យធំនេះ ជាកន្លែងដែលថាមពលត្រូវបានកាត់ផ្តាច់និងការផ្គត់ផ្គង់បានអស់ ខណៈកងកម្លាំងអ៊ីស្រាអែលប្រយុទ្ធតតាំងជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅខាងក្រៅ កំពុងទទួលបានការថែទាំបន្ទាន់នៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងតំបន់ហ្គាហ្សា។ 

លោក ម៉ូហាម៉េដ ហ្សាកូត (Mohamed Zaqout) នាយកមន្ទីរពេទ្យទាំងអស់នៅហ្គាហ្សា បាននិយាយថា ពួកគេមានការខ្សោះជាតិទឹក ថយចុះកម្តៅ និងជំងឺ Sepsis (ឆ្លងមេរោគក្នុងឈាម) ក្នុងករណីខ្លះ។ មានទារកបួននាក់ផ្សេងទៀតបាននាត់បង់ជីវិត ក្នុងរយៈពេលពីរថ្ងៃមុនពេលជម្លៀស។

ក្រុមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) ដែលបានទៅមើលមន្ទីរពេទ្យស៊ីហ្វា អស់រយៈពេលមួយម៉ោងកាលពីថ្ងៃសៅរ៍បាននិយាយថា «ច្រករបៀងមន្ទីរពេទ្យគឺពោរពេញទៅដោយកាកសំណល់វេជ្ជសាស្រ្តនិងកាកសំណល់រឹងដោយបង្កើនហានិភ័យនៃការឆ្លងមេរោគដល់អ្នកជំងឺ ដែលភ័យព្រួយអំពីសុវត្ថិភាពនិងសុខភាពរបស់ពួកគេ ហើយបានអង្វរសុំការជម្លៀស ដែលមានបុគ្គលិក ២៥ នាក់បានបន្តនៅមន្ទីរពេទ្យនេះ។

អង្គការ WHO បាននិយាយថា អ្នកជំងឺភាគច្រើនមានពិការភាព រលាក ឬរបួសផ្សេងទៀត ហើយរបួសភាគច្រើនត្រូវបានឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ ដោយថ្នាំអង់ទីប៊ីយោទិចពុំអាចរកបានទេ។ បេសកកម្មនានាកំពុងត្រូវបានគ្រោងធ្វើឡើងដើម្បីជម្លៀសមនុស្សដែលនៅសល់ទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤-៧២ ម៉ោងបន្ទាប់ ដោយរង់ចាំធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព»។

កាលពីយប់ថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនមានភស្តុតាងរឹងមាំដែលគាំទ្រការអះអាងរបស់ខ្លួនថាក្រុមហាម៉ាសនៅតែកាន់កាប់ប៉ុស្តិ៍បញ្ជាការដ៏ធំទូលាយនៅខាងក្នុងនិងក្រោមមន្ទីរពេទ្យស៊ីហ្វា។ អ៊ីស្រាអែលបានចាត់ទុកមន្ទីរពេទ្យនេះជាគោលដៅសំខាន់ក្នុងសង្រ្គាមរបស់ខ្លួន ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនេះលើភាគខាងត្បូងអ៊ីស្រាអែលកាលពីប្រាំមួយសប្តាហ៍មុនមេះ។

ទាហានអ៊ីស្រាអែលបាននិយាយថា ខ្លួនបានរកឃើញផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រជម្រៅ១០ម៉ែត្រនៅក្រោមបរិវេណ ២០ ហិកតារបស់មន្ទីរពេទ្យ ដែលរួមមានអគារជាច្រើន យានដ្ឋាន និង ផ្លាហ្សាមួយ។ ផ្លូវរូងក្រោមដីរួមមានជណ្តើរ ទ្វារការពារការផ្ទុះ និងរន្ធបាញ់ដែលអាចប្រើដោយអ្នកលបបាញ់កាំភ្លើងស៊ីប ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *