បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុករថយន្តពីក្រោយ បណ្ដាលឱ្យដួលគ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ ៖ បុរសមានមុខរបរបើករថយន្តម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿនជ្រុលបុករថយន្តមិនស្គាល់ម៉ាកពីក្រោយយ៉ាងពេញទំហឹង កើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ត្រង់ចំណុចមុខបុរីពិភពថ្មីគម្រោង៣ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុន នី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរបើករថយន្តស្នាក់នៅបន្ទប់ជួលជិតវត្តស្លែង ភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកឌ្រីម ស៊េរីឆ្នាំ២០១៥  ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-0575  ជិះតែម្នាក់ឯង ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសជនរងគ្រោះខាងលើជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តពីក្រោយ យ៉ាងពេញទំហឹងបណ្ដាលឱ្យដួលផ្កាប់មុខទៅនឹងថ្នល់ផុតជីវិតភ្លាមៗមួយរំពេចដោយមិនបានពាក់មួកសុវត្ថិភាព ហើយរថយន្តបានបន្ថែមល្បឿនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌកំបូល បានចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *