កូរ៉េខាងជើង ជូនដំណឹងដល់ជប៉ុន អំពីផែនការបាញ់បង្ហោះផ្កាយរណប

បរទេស ៖ ឆ្មាំសមុទ្រជប៉ុនបាននិយាយកាលពីថ្ងៃអង្គារទី២១វិច្ឆិកាឆ្នាំ២០២៣ថា ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ជប៉ុនថា ខ្លួនគ្រោងនឹងបាញ់បង្ហោះរ៉ុក្កែតដឹកផ្កាយរណបនៅចន្លោះថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ក្នុងទិសដៅទៅកាន់សមុទ្រលឿងនិងសមុទ្រចិនខាងកើត។

ប្រសិនបើ​ពិតដូចការជូនដំណឹងមែន វា​ទំនង​ជា​ការ​ប៉ុនប៉ង​លើក​ទី​បី​របស់​រដ្ឋ​ប្រដាប់អាវុធ​នុយក្លេអ៊ែរមួយនេះ ដើម្បី​ដាក់ផ្កាយរណប​ចារកម្ម​ទៅក្នុង​គន្លង​តារាវិថី​ក្នុងឆ្នាំនេះ។

សេចក្តីជូនដំណឹងនេះបានជំរុញឱ្យមានការថ្កោលទោសភ្លាមៗ ពីលោក ហ្វ៊ូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ដែលនិយាយថា «ប្រព័ន្ធការពាររបស់ប្រទេសរបស់គាត់ រួមទាំងនាវាពិឃាដ Aegis និងមីស៊ីលការពារដែនអាកាស PAC-3 បានត្រៀមខ្លួនរួចជាស្រេចក្នុងករណីដែលមានស្ថានភាពមិននឹកស្មានដល់កើតឡើង»។

លោកហ្វ៊ូមីអូ គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា «ទោះបីជាគោលបំណងគឺបាញ់បង្ហោះផ្កាយរណបក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់បច្ចេកវិជ្ជាមីស៊ីលផ្លោងគឺជាការរំលោភលើសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វា​ក៏​ជា​បញ្ហា​ដែល​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​ជាតិផងដែរ»។

លោកគីស៊ីដាបាននិយាយថា ជប៉ុននឹងធ្វើការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដទៃទៀតដើម្បីជំរុញយ៉ាងខ្លាំង ឱ្យកូរ៉េខាងជើងកុំបន្តការបាញ់បង្ហោះផ្កាយរណបនេះ។

ប្រទេសកូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថា ផ្កាយរណបចារកម្មចំនួនពីរដងមកហើយកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានសម្រេច ហើយមន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា កូរ៉េខាងជើងហាក់កំពុងព្យាយាមម្តងទៀតក្នុងពេលឆាប់ៗនេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *