ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ដាក់ផែនការបញ្ចប់​​​ការ​​នាំ​ចូល​ឧបករណ៍​​ស៊ី​ភ្លើង​ច្រើន​នៅ​ទីផ្សារ​កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមកែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហាញ​ពី​ផែនការ​ក្នុងការ​គ្រប់គ្រង​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដោយ​ទប់ស្កាត់​ ការ​នាំចូល​ឧបករណ៍​​អគ្គិសនី​ដែល​ស៊ី​ភ្លើង​ច្រើន​មក​ទីផ្សារ​ក្នុងស្រុក ដែលការ​អះអាង​បែប​នេះក្នុង​វេទិកា​ពិភាក្សាស្តីពី «​គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា»។

ថ្លែង​នៅក្នុង​សន្និសីទក្នុង​វេទិការពិសេសដែល​រៀបចំឡើងដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​ កាលពីព្រឹកថ្ងៃទី២១វិច្ឆិកាឆ្នាំ២០២៣ ឯកឧត្តមកែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ​និងថាមពល​បាន​បញ្ជាក់​ថា «ការ​ចាត់​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ឧបករណ៍​ដែល​ស៊ីភ្លើង​​ច្រើន​ ដើម្បី​រួម​ចំណែកគ្រប់គ្រង​​ការ​ប្រើប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធភាព»។

ឯកឧត្តមបន្ត​ថា រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ឆ្នាំ ២០២៣ ទៅ ២០៣០ កាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនី​ប្រហែល​ឱ្យបាន១៩ភាគរយ ស្មើ២០០០មេហ្គាវ៉ាត់។ ការ​ទប់ស្កាត់​បាន​ជោគជ័យ​​អាច​ធ្វើ​ឱ្យ​កម្ពុជា​មិន​បាច់​បង្កើត​រោងចក្រ​ថ្មី​ផលិត​ថាមពល​ថ្មី ​បន្ថែម​ចំនួន​ ២០០០ មេហ្គាវ៉ាត់ ​ដែល​​នឹង​ចូលរួម​កិច្ច​ការពារ​បរិស្ថានទៀតផង។

ក្រៅពីលើកពី​គម្រោង​ការ​ហាមឃាត់​ការ​នាំ​ចូល​ឧបករណ៍​ដែល​ស៊ី​ភ្លើងច្រើន ឯកឧត្តមរដ្ឋមន្រ្តី​ ចង់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ថាមពល​​​ដោយ​សន្សំសំចៃ ​ដើម្បី​​ចូលរួមចំណែក​សម្រេច​បាន​គោលដៅ​ការ​ប្រើប្រាស់​ថាមពល​ឱ្យមាន​ប្រសិទ្ធភាពនៅកម្ពុជា៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *