ស្តេចឆាលជប់លៀងជូនលោកយូននិងលោកភរិយា នៅវាំងបាក់ឃីងហ៊ែម និង ក្រុម Blackpink

បរទេស ៖ ស្តេចឆាលទី២ នៃ ចក្រភពអង់គ្លេស បានធ្វើជាម្ចាស់ផ្ទះទទួលលោក យូន ស៊ុកយ៉ូល ប្រធានាធិបតីកូរ៉េខាងត្បូង និង ភរិយាក្នុងពិធីជប់លៀងដ៏ថ្លៃថ្លានៅព្រះរាជវាំងបាក់ឃីងហ៊ែម (Buckingham) កាលពីថ្ងៃអង្គារ ខណៈដែលចក្រភពអង់គ្លេសក្រាលកម្រាលព្រំក្រហមសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងការពារជាតិរវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​សង្ឃឹម​ថា​ ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង ​នឹង​ជួយ​ពង្រឹង​ភាពទោរទន់​នៃតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​គោល​នយោបាយ​ការបរទេស​និង​ពាណិជ្ជកម្ម​របស់​ខ្លួន។

ស្តេចឆាល មានបន្ទូលក្នុងព្រះរាជសុន្ទរកថាក្នុងពិធីជប់លៀងរបស់ទ្រង់ថា «ខ្ញុំសូមអបអរសាទរជេននី ជីស៊ូ លីហ្សា និងរ៉ូស ដែលគេស្គាល់ថាជាក្រុម Blackpink សម្រាប់តួនាទីរបស់ពួកគេក្នុងការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ ខ្ញុំបានត្រឹមតែសរសើរពីរបៀបដែលពួកគេអាចផ្តល់អាទិភាពដល់បញ្ហាសំខាន់ៗទាំងនេះក៏ដូចជាការក្លាយជាតារាពិភពលោកប៉ុណ្ណោះ»។

ព្រះអង្គមានបន្ទូលបន្តថា «គួរឱ្យស្តាយ នៅពេលដែលខ្ញុំនៅសេអ៊ូលកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំមិនបានចេះច្រើនពីអ្វីដែលគេហៅថា Gangnam Style! ជាសម្តីលេងសើចរបស់ទ្រង់ ចង់សំដៅទៅលើបទចម្រៀងល្បីទូទាំងពិភពលោករបស់តារាចម្រៀងរ៉ែបកូរ៉េ Psy »។

ចំណែកទ្រង់ខាមីលឡាបានពាក់ចិញ្ចៀនត្បូងទទឹមនិងត្បូងពេជ្រភូមារបស់ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ ព្រមទាំងរ៉ូបពណ៌ក្រហមសម្រាប់ឱកាសនោះ ខណៈព្រះនាងខេត (Kate) បានជ្រើសរើសរ៉ូបពណ៌សជាមួយនឹងអ្វីដែលហៅថាមកុដ Strathmore Rose ។ មកុដ​នេះ ​គឺជា​កម្មសិទ្ធិ​របស់​មាតា​របស់ស្តេចអេលីហ្សាបេត ដែល​គេ​ស្គាល់​ថា​ជា«ព្រះរាជមាតា»។

កាលពីថ្ងៃពុធ លោកយូន ស៊ុកយ៉ូល នឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ដោយផ្តោតលើពាណិជ្ជកម្ម បច្ចេកវិជ្ជា និង ការពារជាតិ។ កិច្ចព្រមព្រៀងការពារជាតិនឹងឃើញកងទ័ពជើងទឹកនៃប្រទេសទាំងពីរធ្វើការរួមគ្នាដើម្បីទប់ស្កាត់ការរត់ពន្ធនិងអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលដាក់លើកូរ៉េខាងជើង ដើម្បីទប់ស្កាត់មហិច្ឆតាអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *