នៅថ្ងៃអុំទូកទី១ មានជនសង្ស័យចេញធ្វើសកម្មភាព កាប់ប្លន់ម៉ូតូបានសម្រេចនៅខណ្ឌមានជ័យ

ភ្នំពេញ ៖ បុរសម្នាក់រងរបួសកដៃស្ដាំ បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានជនសង្ស័យមួយក្រុមជិះពីម៉ូតូគ្នា៤នាក់ទាញដាវកាប់ប្រហារប្លន់យកម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ បានសម្រេចជិះគេចដោយសុវត្ថិភាព កើតឡើងកាលពីវេលាម៉ោង៩និង ២០នាទីយប់ ថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវបេតុងប្រឡាយលូទឹកស្អុយស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសខាងលើដែលជាជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ មិនចាំស្លាកលេខ តាមបណ្ដោយផ្លូវបេតុងប្រឡាយលូទឹកស្អុយទិសដៅពីលិចមកកើត , ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកមកពីក្រោយបានជិះអមសងខាង។

ពេលនោះជនសង្ស័យម្នាក់ទាញដាវកាប់ចំកដៃស្តាំ ជនរងគ្រោះបណ្ដាលឱ្យដួលហើយជនរងគ្រោះក៏រត់ស្រែក ឱ្យប្រជាពលរដ្ឋជួយបណ្តាលឱ្យស្រក់លោហិតពេញផ្លូវ ហើយជនសង្ស័យបានឱកាសល្អក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅទិសខាងកើត ពេលនោះក៏មានប្រជាពលរដ្ឋទាញកៅអីមកគប់ទៅលើជនសង្ស័យត្រូវតែមិនដួលក៏បានជិះគេចទៅបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។

ក្រោយពីកើតហេតុប្រជាពលរដ្ឋអាណិតជនរងគ្រោះពេកក៏បានដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កទៅមន្ទីរពេទ្យរុស្ស៊ីដើម្បីព្យាបាល ហើយក៏មានវត្តមានសមត្ថកិច្ចចុះមកសួរនាំប្រជាពលរដ្ឋនៅកន្លែងកើតហេតុផងដែរ ៕(ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *