ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងអំណរគុណ និងកោតសរសើរ កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និង មន្ត្រីគ្រប់លំដាប់ថ្នាក់

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយ ស្មារតីទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។

ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ មានភ្ញៀវជាតិនិងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តនៅរាជធានីភ្នំពេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ និងពោរពេញដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង ជាពិសេសទស្សនាកម្សាន្តដោយគ្មានការព្រួយបារម្ភ ពីភាពអសន្តិសុខអ្វីឡើយ។

ភាពជោគជ័យ និងភាពសប្បាយរីករាយដ៏អស្ចារ្យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើនបន្តបន្ទាប់របស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនអាចកើតមានបានទេ ប្រសិនបើប្រទេសជាតិរបស់យើង គ្មានសុខសន្តិភាពពេញបរិបូរណ៍ គ្មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃប៉ិនប្រសប់ នៃរាជរដ្ឋាភិបាលគ្រប់អាណត្តិ ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា នោះទេ។

ជាមួយគ្នានេះដែរ បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ចប់ទៅប្រកបដោយជោគជ័យនោះ ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបន្តរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ព្រមទាំងរៀបចំពិធីបុណ្យជាតិជាបន្តបន្ទាប់។ 

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមយកឱកាសដ៏ថ្លៃថ្លានេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវរាល់បទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តជំរុញផ្សព្វផ្សាយ និងចលនាកៀរគរឱ្យមានការចូលរួម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»សំដៅរួមគ្នាថែរក្សាបរិយាកាសទូទៅក្នុងសង្គមបានល្អប្រសើរ បម្រើដល់ការប្រារព្ធបុណ្យប្រពៃណីជាតិនិងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសប្បាយរីករាយ និង សុខសន្តិភាព ៕ (ដោយ ៖ ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *