សមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកអំណោយជូនស្ត្រីម្នាក់ទើបសម្រាលកូន គ្មានអង្ករច្រកឆ្នាំង

ព្រះវិហារ ៖ លោក មុត ភិសិទ្ធនា ប្រធានសមាគមរាជសីហ៍ សាខាខេត្តព្រះវិហារ នៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២៣ បានចាត់លោក ឆេង​ សុខម៉េង ប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងលោកព្រំ សុវិជ្ជា ប្រធានក្រុមប្រឹក្សាយោបល់អនុសាខា ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីម្នាក់ទើបសម្រាលកូន គ្មានអង្ករច្រកឆ្នាំង ។

លោកឆេង សុខម៉េង បានឱ្យដឹងថា ស្ត្រីដែលទទួលបានអំណោយឈ្មោះ វ៉ុន ស្រីវ៉ាន់ អាយុ២៤ឆ្នាំ ទើបសម្រាលកូនគ្មានអង្ករ ម្ហូបអាហារ សម្រាប់ទទួលទាន មានមុខរបរចាំដីឱ្យគេ និងស៊ីឈ្នួលដាំដំឡូង បាញ់ថ្នាំដំឡូងឱ្យគេ ជាមួយប្តីនិងកូនតូចៗ៣នាក់ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកឆេង សុខម៉េង បន្តថា អំណោយដែលទទួលបាននាពេលនោះរួមមានដូចជា ៖ អង្ករ ចំនួន៥០គីឡូក្រាម ទឹកស៊ីអ៉ីវចំនួន០១យួរ ទឹកត្រី ចំនួន០១យួរ ទឹកបរិសុទ្ធ ចំនួន០២យួរ ស្ករស ចំនួន០១គីឡូក្រាម មីចំនួន០១កេស ត្រីខ ចំនួន០០១យួរនិងថវិកា ចំនួន១០០,០០០រៀល (ដប់ម៉ឺនរៀល) ។ សរុបថវិកាចំនួន៣០៣.៥០០រៀល(បីសែនបីពាន់ប្រាំរយរៀល)។

ស្ត្រីឈ្មោះវ៉ុន ស្រីវ៉ាន់ បានឱ្យដឹងថា នាងមានប្តីឈ្មោះយាត យ៉ាប់ អាយុ២៤ឆ្នាំ មានកូនតូចៗ៣នាក់ (ប្រុសម្នាក់អាយុ៤ឆ្នាំ និង ស្រី២នាក់ម្នាក់អាយុ២ឆ្នាំ,ម្នាក់ទើបប្រសូតបាន១ខែកន្លះ)។ ខណៈនាងឈឺពោះ ប្តីរបស់នាងបានកាប់ដើមចេកធ្វើជាក្បូនឆ្លងទឹកអូរនាំទៅមណ្ឌលសុខភាពសម្រាលកូន ហើយកូនស្រីដែលប្រសូត្រ ទទួលបានសុខសុវត្ថិភាព ។

ចំណែកបុរសឈ្មោះយាត យ៉ាប់ ជាប្តីបានឱ្យដឹងថា ដោយសារតែរដូវនេះធ្លាក់ភ្លៀង ពុំមានការងារធ្វើ បណ្តាលឱ្យក្រុមគ្រួសារគាត់ជួបខ្វះខាតជីវភាពយ៉ាងខ្លាំង ហើយគាត់បានយកទូរសព្ទមួយគ្រឿងរបស់ប្រពន្ធទៅលក់បានលុយ៣ម៉ឺនរៀល ដើម្បីទិញអង្ករនិងម្ហូបខ្លះឱ្យប្រពន្ធនិងកូនហូប ។ នៅថ្ងៃទី…ខែតុលាឆ្នាំ២០២៣ លោកឆេង​ សុខម៉េងប្រធានអនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត និងសហការីរបស់លោកបានយកអំណោយមួយចំនួនធំ និង ថវិកាចំនួន១០ម៉ឺនរៀលមកប្រគល់ដល់ក្រុមគ្រួសារខ្ញុំ។

លោកយាត យ៉ាប់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គមដោយមិនរើសអើង។ សូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ក្នុងសង្គម៕ (ដោយ ៖ យស ហៃសុករ៉ា)

Leave a Reply

Your email address will not be published. Required fields are marked *