អ៊ីស្រាអែល​ប្តេជ្ញា​តាម​ប្រមាញ់​ក្រុម​ហាម៉ាសឱ្យទាល់តែបាន «មិនថាពួកគេលាក់ខ្លួននៅ​កន្លែង​ណាលើ​ពិភពលោក»ទោះ​​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំយ៉ាងណា​ក៏​ដោយ

បរទេស ៖ ការ​កត់ត្រា​សម្ងាត់​បាន​លាតត្រដាងឱ្យ​ដឹងថា អ៊ីស្រាអែល​បាន​ប្តេជ្ញា​តាម​ប្រមាញ់និង​សម្លាប់​មេដឹកនាំ​ក្រុម​ហាម៉ាស «មិនថាពួកគេលាក់ខ្លួននៅ​កន្លែង​ណាលើ​ពិភពលោក» បើ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​យ៉ាងណាក៏​ដោយ។

ប្រមុខ Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខរបស់ប្រទេស ត្រូវគេស្តាប់ឮក្នុងឃ្លីបមួយ ដែលប្រៀបធៀបការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ២០២៣ ទៅនឹងការវាយប្រហារភេរវកម្មពីមុននៅឯកីឡាអូឡាំពិកទីក្រុងMunich ។

លោកបាននិយាយថា «គណៈរដ្ឋមន្ត្រីសង្រ្គាមបានផ្តល់ឱ្យយើងនូវគោលបំណងមួយ គឺ លុបបំបាត់ក្រុមហាម៉ាសឱ្យបាន ហើយយើងប្តេជ្ញាចិត្តដើម្បីធ្វើដូច្នេះឱ្យខាងតែបាន។ នេះគឺជាទីក្រុង Munich របស់យើង»។

ក្នុងឆ្នាំ ១៩៧២ ភេរវករប៉ាឡេស្ទីនបានវាយប្រហារក្រុមអត្តពលិកអ៊ីស្រាអែលនៅឯកីឡាអូឡាំពិក ហើយបានសម្លាប់អត្តពលិក ១១ នាក់។ អស់ជាច្រើនឆ្នាំក្រោយមក ប្រទេសនេះបានសងសឹកយ៉ាងបង្ហូរឈាមប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវ រួមទាំងប្រតិបត្តិការដែលមានឈ្មោះកូដថា «Wrath of God»ដែលលោក Steven Spielberg យកមកនិពន្ធជាខ្សែភាពយន្ត Munich ឆ្នាំ ២០០៥ ដែលកំណត់មុខសញ្ញាលើសមាជិក ៩ នាក់នៃក្រុមទទួលខុសត្រូវ។ពួកគេ​ត្រូវ​បាន​តាម​ដាន​នៅ​ទីក្រុង​រ៉ូម ប៉ារីស និង​ បៃរូត ហើយ​ធ្វើ​ឃាដក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។

ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣នេះ មានមនុស្ស​យ៉ាង​ហោច​ណាស់ ១.២០០​នាក់ ត្រូវ​បាន​សម្លាប់និង​ជាង ២០០​នាក់​ត្រូវ​ចាប់ពង្រត់។

នៅក្នុងការសារជាសំឡេងដែលចាក់ផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Kan កាលពីយប់ថ្ងៃអាទិត្យ ប្រធានសន្តិសុខលោក Ronan Bar អាយុ ៥៨ ឆ្នាំអាចត្រូវគេស្តាប់ឮនិយាយថា «យើងកំពុងរៀនមេរៀនរបស់យើងរួចហើយពីព្រឹត្តិការណ៍ [ថ្ងៃទី ៧ ខែតុលា]»។

«វានឹង​ត្រូវ​សម្រេចឱ្យបាន​នៅ​គ្រប់​ទីកន្លែង​ដែលចាំបាច់ ក្នុង​តំបន់ហ្គាហ្សា វេសប៊ែង លីបង់ តួកគី កាតា ។  វានឹងចំណាយពេលពីរបីឆ្នាំ ប៉ុន្តែយើងនឹងនៅទីនោះដើម្បីធ្វើវា»។

សារដដែលបន្តទៀតថា«ទំនួលខុសត្រូវផ្នែកសន្តិសុខគឺជារបស់យើង។ កាតព្វកិច្ចរបស់យើងគឺផ្តល់ទាំងសន្តិសុខនិងអារម្មណ៍សុវត្ថិភាព។ ជាអកុសលនៅថ្ងៃទី ៧ ខែតុលា យើងមិនបានជោគជ័យក្នុងការធ្វើវានោះទេ។ ខ្ញុំ​គិត​ថា​យើង​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​ឡើង​ឆ្ពោះទៅលើ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *