ទាហានអ៊ីស្រាអែល វាយលុកទីក្រុង Khan Younis នៅភាគខាងត្បូងហ្គាហ្សា បណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់បាត់បង់ជីវិត

បរទេស ៖ កងកម្លាំងទាហានអ៊ីស្រាអែល បានវាយលុកទីក្រុងសំខាន់នៅភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងអ្វីដែលពួកគេហៅថា«ជាថ្ងៃនៃការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតក្នុងប្រតិបត្តិការជើងគោករយៈពេល ៥ សប្តាហ៍ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស»ហើយមន្ទីរពេទ្យកំពុងពិបាកទប់ទល់នឹងការស្លាប់និងរបួសជាច្រើននាក់របស់ជនប៉ាឡេស្ទីន។

នៅក្នុងអ្វីដែលហាក់ដូចជាការវាយលុកជើងគោកដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានធ្វើរួចរាល់កាលពីសប្តាហ៍មុន អ៊ីស្រាអែលបាននិយាយថា «កងទ័ពរបស់ខ្លួនដែលគាំទ្រដោយយន្តហោះចម្បាំងបានទៅដល់បេះដូងនៃទីក្រុង Khan Younis ហើយក៏កំពុងព័ទ្ធជុំវិញទីក្រុង»។

លោកឧត្តមសេនីយ៍ Yaron Finkelman មេបញ្ជាការនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់ទាហានអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងស្ថិតក្នុងថ្ងៃតានតឹងខ្លាំងបំផុតចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការជើងគោក»។

លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលក៏កំពុងប្រយុទ្ធគ្នានៅ Jabalia ដែលជាជំរំជនភៀសខ្លួនក្នុងទីក្រុងដ៏ធំ និងជាកន្លែងពួនសម្ងំរបស់ក្រុមហាម៉ាសនៅភាគខាងជើងហ្គាហ្សាជាប់នឹងទីក្រុងហ្គាហ្សា និងនៅ Shuja’iyya ភាគខាងកើតទីក្រុងនេះ។

លោកបានបន្តថា «យើងនៅក្នុងបេះដូងនៃជំរំ Jabalia នៅក្នុងបេះដូងនៃតំបន់ Shuja’iyya ហើយឥឡូវនេះក៏នៅក្នុងបេះដូងនៃទីក្រុង Khan Younis នេះដែរ»។

កងពលប្រដាប់អាវុធរបស់ហាម៉ាស គឺកងពលតូច al Qassam បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានបំផ្លាញឬកម្ទេចរថយន្តទាហានអ៊ីស្រាអែល២៤គ្រឿង និងអ្នកលបបាញ់បានសម្លាប់ទាហានអ៊ីស្រាអែល៨នាក់នៅក្នុងការប៉ះទង្គិចគ្នាជាបន្តនៅក្នុងតំបន់ផ្សេងៗនៃទីក្រុង Khan Younis។

ដោយឡែក មន្ត្រីសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្សមួយចំនួនធំត្រូវបានបាត់បង់ជីវិតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះក្នុងសង្កាត់ Deir al-Balah ភាគខាងជើងនៃទីក្រុង Khan Younis ។ 

លោកវេជ្ជបណ្ឌិត Eyad Al-Jabri ប្រធានមន្ទីរពេទ្យ Shuhada Al-Aqsa នៅទីនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់មានមនុស្ស៤៥ នាក់ត្រូវបានបាត់បង់ជីវិត។ ប៉ុន្តែរ៉យទ័រមិនអាចទៅដល់តំបន់នោះឬបញ្ជាក់ចំនួនអ្នកបាត់បង់ជីវិតបាននោះទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *