ចាប់បានប្រហិតចម្រុះ ជាង៦ពាន់គីឡូក្រាម នាំចូលគ្មានការអនុញ្ញាត

បន្ទាយមានជ័យ ៖ ក្រុមការងារអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យសហការជាមួយបញ្ជាការដ្ឋានអាវុធហត្ថស្រុកថ្មពួក បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក SSANGYONG ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ ១៥កៅអី ពាក់ស្លាកលេខបាត់ដំបង2A-7853 ដឹកផលិតផលមានដើមកំណើតពីសត្វ ( ប្រហិតចម្រុះ) សរុបចំនួន ៦ ៦៤០គីឡូក្រាម នៅថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២៣។

មន្ត្រីជំនាញបានឱ្យដឹងថា ដោយផលិតផលប្រហិតចម្រុះខាងលើនោះ នាំចូលពីប្រទេសថៃឡង់ដ៌ តាមច្រករបៀងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តបន្ទាយមានជ័យ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិត្រង់ចំណុចក្បាលស្ពានទី១ ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ចំពោះមុខ ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានប្រហិតចម្រុះសរុបចំនួន ៦ ៦៤០គីឡូក្រាម និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *