ចាប់បានស៊ុតសត្វមាន់និងស៊ុតសត្វក្រួច សរុប១២ម៉ឺនគ្រាប់ មកពីវៀតណាម

ភ្នំពេញ ៖ ក្រុមការងារអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក KIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ 2BO-0048 ដឹកស៊ុតសត្វមាន់សរុបចំនួន ៥០ ០០០គ្រាប់ និងស៊ុតសត្វក្រួចចំនួន ៧០ ០០០គ្រាប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ។

មន្រ្តីជំនាញឱ្យដឹងថា ស៊ុតសត្វខាងលើនោះ នាំមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែកខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅរាជធានីភ្នំពេញ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខសាលាសង្កាត់វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ។ 

ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតសត្វមាន់សរុបចំនួន ៥០ ០០០គ្រាប់ ស៊ុតសត្វក្រួចចំនួន ៧០ ០០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕ (ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *