ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានភៀសខ្លួនពីភាគខាងជើងតំបន់ហ្គាហ្សាទៅភាគខាងត្បូង

បរទេស ៖ កម្លាំងទាហានអ៊ីស្រាអែលបានប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយក្រុមហាម៉ាស ក្នុងការពង្រីកការវាយលុកមួយទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង កាលពីថ្ងៃពុធ ទី៦ ខែធ្នូឆ្នាំ២០២៣ ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ភៀសខ្លួនទៅប្រមូលផ្តុំក្នុងទីក្រុងមួយនៅជិតព្រំដែនអេហ្ស៊ីបដើម្បីបញ្ចៀសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា មនុស្សជាច្រើនភ័យខ្លាចថាពួកគេនឹងមិនមានសុវត្ថិភាពដូចគ្នានៅទីក្រុង Rafah ព្រមទាំងជម្រើសរបស់ពួកគេសម្រាប់ការជ្រកកោន ហើយយ៉ាងហោចណាស់មនុស្ស ៩ នាក់ត្រូវបាននាត់បង់ជីវិត កាលពីថ្ងៃពុធក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើផ្ទះមួយនៅក្នុងទីក្រុងនេះ។

ប្រជាជនប៉ាឡេស្ទីនរាប់សែននាក់បានភៀសខ្លួនពីភាគខាងជើងតំបន់ហ្គាហ្សាទៅភាគខាងត្បូងក្នុងអំឡុងពេលសង្រ្គាមរយៈពេលពីរខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលគ្រប់គ្រងដោយក្រុមប៉ាឡេស្ទីនហាម៉ាសដែលអ៊ីស្រាអែលកំពុងព្យាយាមលុបបំបាត់។

ការភៀសខ្លួនចុងក្រោយនេះធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានផ្លាស់ទីលំនៅកាន់តែកៀកព្រំដែនអេហ្ស៊ីបដែលមានកំពែងការពារ នៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយយោធាអ៊ីស្រាអែលនៅក្នុងខិត្តប័ណ្ណដែលទម្លាក់ដោយយន្តហោះរបស់ខ្លួន ក៏ដូចជាសារតាមទូរស័ព្ទ និងសារតាមអ៊ីនធឺណិត។

លោក Samir Abu Ali អាយុ ៤៥ ឆ្នាំជាឪពុកកូន ៥ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរស័ព្ទពីទីក្រុងRafah ថា «អ៊ីស្រាអែលកំពុងនិយាយកុហក។ គ្មានកន្លែងណានៅក្នុងតំបន់ហ្គាហ្សាមានសុវត្ថិភាពនោះឡើយ ហើយថ្ងៃស្អែកពួកគេនឹងមកតាមពួកយើងនៅ Rafah»។

ទាហានរបស់អ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា «កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការជាលើកដំបូងនៅក្នុងបេះដូងនៃទីក្រុងដ៏ធំបំផុតនៅភាគខាងត្បូងតំបន់ហ្គាហ្សា គឺ ក្រុង Khan Younis»។

ទាហានបានចាប់ផ្តើម «ការវាយឆ្មក់តាមគោលដៅ»នៅកណ្តាលក្រុង Khan Younis ដែលសេចក្តីថ្លែងការណ៍បានកំណត់ថាជានិមិត្តរូបនៃការគ្រប់គ្រងយោធា និងរដ្ឋបាលរបស់ក្រុមហាម៉ាស។ ទាហានបានកម្ទេចពួកភេរវករ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវករ និងទីតាំងអាវុធ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *