ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំនៅកម្ពុជា នៅតែមានភ័ព្វសំណាង ដោយសារតែរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ និងដាក់ទុនយ៉ាងច្រើនលើសលប់។ ការថ្លែងបែបនេះរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២៣។
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207181851.png)
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នេះក្រសួងដែលទទួលបានថវិកាជាតិច្រើនជាងគេ គឺក្រសួងអប់រំ យុវជន និងកីឡា និងទី២ ក្រសួងសុខាភិបាល ដែលក្រសួងទាំងពីរនេះ ជាក្រសួងអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្សគ្រប់ជំនាញ ចំណេះដឹង ចំណេះធ្វើ និងការអនុវត្តផ្ទាល់ក្នុងសង្គម។
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207181910.png)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ដែរថា អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថា កុមារ ១/៣ អាយុក្រោយ ១២ឆ្នាំ អត់ចេះអានអក្សរ ឬចេះអានតែមិនយល់អត្ថន័យ ដែលនេះជាការព្រួយបារម្ភមួយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់មតេយ្យសិក្សា។ ដូច្នេះហើយទើបសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីមកំចាយមារ សម្រាប់បណ្តុះបណ្តាលចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា។
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207181927.png)
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ស្នើដល់ឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សហការជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ធ្វើរបាយការណ៍អំពីសាលាមត្តេយ្យសិក្សា នៅក្នុងស្រុកកំចាយមារ តើមានសិស្សប៉ុន្មាននាក់ គ្រូប៉ុន្មាននាក់ ដែលកំពុងរៀន និងបង្រៀន? ដើម្បីវាយតម្លៃថា តើធនធានគ្រូបង្រៀននៅសាលាមត្តេយ្យសិក្សា មានគ្រប់គ្រាន់ហើយឬនៅ?
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207181946.png)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងដែរថា តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា សិស្សដែលបានចូលរៀនពីថ្នាក់មត្តេយ្យសិក្សា គឺសង្ឃឹមប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងកម្រិតខ្ពស់។ផ្ទុយទៅវិញសិស្សដែលមិនបានចាប់ផ្តើមសិក្សាពីថ្នាក់មត្តេយ្យ អត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងកម្រិត ៧០% ទៅ ៧២% តែប៉ុណ្ណោះ។ នេះបង្ហាញថា ការបណ្តុះគ្រឹះចេះអាន ចេះយល់អត្ថន័យពីថ្នាក់មត្តេយ្យសិក្សា គឺកាត់បន្ថយអត្រាសិស្សធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207182004.png)
ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួយឧបត្ថម្ភដល់គ្រូបង្រៀនបន្ថែមម៉ោង ឬគ្រូជាប់កិច្ចសន្យាបន្ថែមលើគោលការណ៍ដែលមានស្រាប់ ចំពោះគ្រូបង្រៀនបន្ថែមម៉ោង ឬគ្រូជាប់កិច្ចសន្យាដែលបង្រៀននៅសាលាមត្តេយ្យក្នុងស្រុកកំចាយមារនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស្នើដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង និងឯកឧត្តមសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ សិក្សាវាយតម្លៃ ថាតើគួរឧបត្ថម្ភក្នុងកម្រិតណា ដើម្បីជាគ្រឹះមួយក្នុងការរួមចំណែកបណ្តុះបណ្តាលធនធាននៅថ្នាក់មត្តេយ្យសិក្សា៕(ដោយ អាចារ្យមាស)
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207182024.png)
![](https://www.bbn-tv.cc/wp-content/uploads/2023/12/Untitled3558_20231207182042.png)