​ក្លិបអ្នកកាសែតកម្ពុជារៀបចំកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ»

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែធ្នូឆ្នាំ២០២៣ បានអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលរៀបចំ​ដោយក្លិបអ្នកកាសែតកម្ពុជា នៅអគារ DIAMOND BUSINESS CENTER កោះពេជ្រ។

នៅក្នុងពិធីនេះ ក៏មានការធ្វើបទបង្ហាញដោយ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា,លោក​ ពុយ​ គា​ ប្រធានក្លិបអ្នកកាសែតកម្ពុជា​ , លោក Pierre Gillette អតីតអ្នកសារព័ត៌មានជេីងចាស់មកពីប្រទេសបារាំង​ និងលោក Digby James WREN អ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ដើម្បីចែករំលែកព័ត៌មានស្ដីពី«សិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវនៅក្នុងប្រទេស និងបណ្ដាប្រទេស​ ទ្វីបដែលពួកគេរស់នៅរៀងៗខ្លួន​» ។

វេទិកានេះ​ ក៏ត្រូវបានធ្វើឡើងស្របពេលនឹងការខិតជិតចូលដល់ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៥ ​(១០ធ្នូ )ដែលប្រធានបទខាងលើ មានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការបង្កើនការទទួលខុសត្រូវ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីកសាងសង្គមមួយដែលមានលក្ខណៈស៊ីវីល័យ និងសុខដុមរមនា។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានអំពាវនាវដល់អាជ្ញាធរឱ្យបើកលំហដល់អ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នទាំងអស់ ចូលយកព័ត៌មាននៅតាមក្រសួងស្ថាប័នរដ្ឋដោយគ្មានការរារាំង។ ក្លឹបអ្នកកាសែតកម្ពុជានឹងធ្វើការសម្របសម្រួលជាមួយអ្នកសារព័ត៌មានទាំងអស់ដែលជួបបញ្ហាទាំងនេះ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *