ព័ត៌មានលម្អិតស្តីពី ការប្រទះឃើញសពយុវតីជាកម្មការិនីរោងចក្រកាត់ដេរ ស្លាប់ដោយព្យួរកសង្ស័យជាស្នាដៃរបស់គូសង្សារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកទ្រហោយំបោកខ្លួន  ក្រោយពីបាត់កូនស្រីចំនួន៣ថ្ងៃ លុះស្វែងរកឃើញ តាមរយៈធុំក្លិនស្អុយរួចបើកបង្ហើបបង្អួចមើល ទើបប្រទះឃើញកូនស្រី នាត់បង់ជីវិត សង្ស័យឃាតករជាសង្សារ រឹតកនិងវាយសម្លាប់ ហើយលើកសពយកទៅចងព្យួរក នៅក្នុងបន្ទប់ជួលរបស់ជនដៃដល់ ។

ករណីឃាតកម្មខាងលើ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ៣៧ ជាន់ទី១ ផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ស៊ីម រ៉ាឌី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មការិនីរោងចក្រកាណាឌីយ៉ា មានម្តាយឈ្មោះ លុំ តាំងយូ អាយុ៤៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីតែម្នាក់នេះគត់ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលខាងក្រោយផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 

ចំណែកបុរសសង្សារ ជាឃាតករឈ្មោះ សុផា អាយុជាង២១ឆ្នាំ មុខរបរកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ក្រោយសម្លាប់នារីរងគ្រោះហើយ ក៏បានគេចខ្លួនបាត់ ។

បើតាមក្រុមគ្រួសារនារីរងគ្រោះ បានឱ្យដឹងថា ពួកគាត់ក៏បានដឹងដែរថា ពួកគេទាំង២នាក់ជាសង្សារស្រឡាញ់គ្នាហើយក៏ធ្លាប់ប្រាប់ទៅជនដៃដល់ដែរ បើស្រឡាញ់នាង សូមហៅឪពុកម្តាយ ចាស់ទុំចូលស្តីដណ្តឹងតាមប្រពៃណីទៅ។កន្លងមកជនដៃដល់ធ្លាប់បានគំរាមនាង មិនឱ្យស្រឡាញ់បុរសណាផ្សេងឡើយ ពុំនោះទេគេនឹងសម្លាប់ចោល ។

ប្រភពបន្តថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះនិងសង្សារ នាំគ្នាចេញពីធ្វើការថែមម៉ោងក៏ឡើងទៅបន្ទប់របស់ជនដៃដល់ ដោយបាត់កូនស្រីយូរពេក យប់កាន់តែជ្រៅទៅហើយ មិនឃើញវិលទៅផ្ទះ បងប្អូនក៏នាំគ្នាទៅតាមរកដល់បន្ទប់ជួលខាងប្រុស តែឃើញចាក់សោជាប់ពីខាងក្រៅ ទូរសព្ទចុចមិនចូលទាក់ទងមិនបាន ។

លុះរហូតដល់ព្រឹកឡើងថ្ងៃទី០៦ធ្នូ បន្ទាប់ពីនាំគ្នាទៅតាមរកម្តងទៀត ឃើញបន្ទប់ជាប់សោដដែល លុះដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នេះ បងប្អូននាំគ្នាទៅមើលបន្ទប់របស់ជនដៃដល់សារជាថ្មី ជាប់សោដដែល តែធំក្លិនស្អុយចេញពីក្នុងបន្ទប់ ធ្វើឱ្យសង្ស័យ ក៏បានសហការជាមួយម្ចាស់ផ្ទះជួល មេភូមិ នាំគ្នាគាស់បង្ហើបបង្អួចមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះ ស្លាប់ដោយយកខ្សែចងព្យួរក ។

សមត្ថកិច្ចបានសន្និដ្ឋានថា «ឃាតករជាសង្សារ វាយរឹតកសម្លាប់ហើយ លើកជនរងគ្រោះចងព្យួរកជាក្រោយ រួចចាក់សោបន្ទប់ពីក្រៅ រត់គេចខ្លួនបាត់»។

គួររំលឹកថា ឃាតករអារកសម្លាប់ស្ត្រីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅ សមត្ថកិច្ចចាប់មិនទាន់បានឃាតករផង មកដល់ថ្ងៃនេះ ឃាតកម្មកើតឡើងមួយករណីថ្មីទៀត សមត្ថកិច្ចបន្ថែមការងារស្រាវជ្រាវស្វែងរកជនដៃដល់បន្តទៀត ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *