បញ្ជូនស្ត្រីម្នាក់ពីបទឆបោក តាមបណ្តាញគណនីតេឡេក្រាម ទៅតុលាការ

ភ្នំពេញ ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នាថ្ងៃទី ០៧ខែ ធ្នូ ឆ្នាំ ២០២៣ បានបង្ហាញមុខជនសង្ស័យ​ម្នាក់​ ភេទស្រី បន្ទាប់ពីឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ស សំណាង ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ«ឆបោក»ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថា កាលពី ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០២៣​ ជន​រង​គ្រោះ​ដែល​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា​ បានចោទជនសង្ស័យខាងលើបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ Emily Emily ឆាតទៅជនរងគ្រោះដើម្បីចរចាទិញកាបូបម៉ាក CHANEL COCO LIZARD HANDLE ក្នុងតម្លៃ៣៨០០ដុល្លារ។ក្រោយពីបានទទួលកាបូបរួច ជនសង្ស័យមិនបានទូទាត់ប្រាក់ឱ្យជនរងគ្រោះឡើយ​ ។

បច្ចុប្បន្ន​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៧ធ្នូឆ្នាំ២០២៣ ដើម្បី​ចាត់ការតាម​នីតិវិធី​នៃ​ច្បាប់​៕(ដោយ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *