ទាហានអ៊ីស្រាអែលចាប់ ជនប៉ាឡេស្ទីនជាច្រើននាក់ឱ្យដើរដោះអាវដង្ហែតាមផ្លូវនៅហ្គាហ្សា

បរទេស ៖ បុរសជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១០០ នាក់ត្រូវបានថតជាប់ ដោយសល់ត្រឹមខោក្នុង ដៃចងស្លាបសេក និងលត់ជង្គង់ជាជួរៗ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយទាហានអ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សា។នេះបើយោងតាមកាសែតដេល្លីមែល ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ធ្នូឆ្នាំ២០២៣។

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើល ដែលចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលនេះ ហាក់បង្ហាញថា ទាហានរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រមូលបុរសទាំងនោះ ហើយជញ្ជូនពួកគេដាក់លើឡាន។

បុរសទាំងនោះបានចុះចាញ់នៅក្នុងជំរំជនភៀសខ្លួន Jabalia និងតំបន់ផ្សេងទៀតនៅជុំវិញភាគខាងជើងតំបន់ហ្គាហ្សាដោយកាសែតអ៊ីស្រាអែល Walla និយាយថា«ពួកគេត្រូវបានចាប់សម្រាតដើម្បីប្រាកដថាពួកគេមិនមានអាវុធនៅដៃ»។

ឈ្លើយសឹកទាំងនោះត្រូវបានចាប់ដង្ហែកាត់ទីលានប៉ាឡេស្ទីនក្នុងទីក្រុងហ្គាហ្សា ដោយស្បែកជើងត្រូវបានដោះបោះចោលពាសពេញផ្លូវ ក្នុងរូបភាពមួយ ខណៈដែលបុរសទាំងនោះត្រូវបានអ៊ីស្រាអែលធ្វើឱ្យអាម៉ាស់មុខជាសាធារណៈ។

នៅពេលសួរអំពីរូបភាពនេះ អ្នកនាំពាក្យ IDF ឧត្តមនាវីទោ លោក Daniel Hagari បានបញ្ជាក់ថា «បុរសទាំងនោះត្រូវបានចាប់ជាឈ្លើយសឹក ប៉ុន្តែមិនបានបញ្ជាក់ពីថាតើរូបភាពទាំងនោះជាសមាជិកនៃក្រុមហាម៉ាស ឬជនស៊ីវិលនោះទេ»។

ចំណែកអ្នកនាំពាក្យទាហានអ៊ីស្រាអែល លោក Daniel Hagari បាននិយាយថា «ទាហានអ៊ីស្រាអែលបានឃុំខ្លួននិងសួរចម្លើយមនុស្សរាប់រយនាក់នៅតំបន់ហ្គាហ្សា ដែលសង្ស័យថាមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស»។

លោក Hagari បានប្រាប់អ្នកយកព័ត៌មានថា «ជំរំ Jabalia និងជំរំ Shejaiya គឺជា ចំណុចកណ្តាលនៃទំនាញ… សម្រាប់ពួកភេរវករ ហើយយើងកំពុងប្រយុទ្ធជាមួយពួកគេ។ ពួកគេកំពុងលាក់ខ្លួននៅក្រោមដី ហើយចេញមកក្រៅហើយពួកយើងប្រយុទ្ធនឹងពួកគេ។ អ្នកដែលនៅសេសសល់នៅតំបន់ទាំងនោះ ពួកគេបានចេញពីរូងក្រោមដី ហើយខ្លះចេញពីអគារ ហើយយើងស៊ើបអង្កេតថាតើអ្នកណាជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស ហើយអ្នកណាមិនជាប់ពាក់ព័ន្ធ។យើង​ចាប់​ខ្លួន​ពួក​គេ​ទាំង​អស់​មក​សួរ​ចម្លើយ»។

កាសែត Walla បានរាយការណ៍កាលពីរសៀលថ្ងៃពុធថា ទាហានអ៊ីស្រាអែលមកពីកងពលតូចបម្រុងទី ២៦១ បានចាប់ខ្លួននិងកំពុង «ស៊ើបអង្កេត»អ្នកទាំងនោះ។ អ្នកដែលត្រូវបានចាប់ខ្លួនមិនរំពឹងត្រូវផ្លាស់ទៅប្រទេសអ៊ីស្រាអែលនោះទេ ប៉ុន្តែត្រូវបានស៊ើបអង្កេតនៅក្នុងតំបន់ហ្គាហ្សា ដោយហេតុថាវាមានលទ្ធភាពដែលជនសង្ស័យទាំងនោះជាមនុស្សស្លូតត្រង់ដែលរស់នៅក្នុងជម្រកមនុស្សធម៌ក្នុងតំបន់ក្បែរនោះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *