ផលិតវីដេអូរកលុយតាមអនឡាញ មាតិកាប៉ះពាល់សន្តិសុខសង្គម , សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ អ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយផលិតវីដេអូផ្សព្វផ្សាយលើផេក ក្រោមចំណងជើងថា « នេះជាវីដេអូសកម្មភាពក្រុមចាប់ក្មេង សូមបងប្អូនប្រុងប្រយ័ត្នឱ្យបានខ្ពស់…» ធ្វើឱ្យសាធារណៈជនមានការភ័ន្ដច្រលំ​យ៉ាង​ខ្លាំង​ លើ​ការ​ធានា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម ។ 

សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហាញថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពី ព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ​នៅ​ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូ ដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថានេះ គឺជាការសម្ដែង ធ្វើឲ្យសាធារណៈជន មានការភ័ន្ដច្រលំ​យ៉ាង​ខ្លាំង លើ​ការ​ធានា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម​។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។ នាយកដ្ឋាន​សូម​ក្រើនរំលឹក ​ដល់​សាធារណជន​ទាំង​អស់​ ត្រូវ​ពិនិត្យ​ និង​វិនិឆ័យ​ឲ្យ​បាន​ច្បាស់​មុន​ផលិត​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ច្បាស់លាស់​ ឬ​ព័ត៌មាន​ក្លែងក្លាយ​ ដែល​អាច​ធ្វើ​ឲ្យ​សាមី​ខ្លួន​បំពាន​លើ​ច្បាប់​ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *