រថក្រោះអ៊ីស្រាអែល បានទៅដល់កណ្តាលក្រុង Khan Younis

បរទេស ៖ រថក្រោះអ៊ីស្រាអែលបានចូលដល់កណ្តាលបេះដូងទីក្រុង Khan Younis កាលពីថ្ងៃអាទិត្យ (១០ ធ្នូ) នៅក្នុងការរុលទៅមុខថ្មីដ៏សំខាន់ចូលទៅក្នុងទីក្រុងសំខាន់នៃភាគខាងត្បូងហ្គាហ្សាស្ទ្រីប ខណៈដែលអាជ្ញាធរសុខាភិបាលនៅហ្គាហ្សាហាម៉ាសបាននិយាយថា ប្រជាជនប៉ាឡេស្ទីនប្រហែល ១៨.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។ 

ក្រុមមេដឹកនាំអ៊ីស្រាអែលបាននិយាយថា យុទ្ធជនហាម៉ាសរាប់សិបនាក់បានចុះចាញ់ ដោយលើកទឹកចិត្តពួកគេឱ្យធ្វើដូច្នេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបដិសេធ ដោយហៅការអះអាងនេះថា «មិនពិតនិងគ្មានមូលដ្ឋាន»។

អ្នកស្រុកនៅក្រុង Khan Younis បាននិយាយថា រថក្រោះបានទៅដល់ផ្លូវសំខាន់ពីភាគខាងជើងទៅខាងត្បូងឆ្លងកាត់ទីក្រុងបន្ទាប់ពីការប្រយុទ្ធគ្នាពេញមួយយប់ ដែលបានពន្យឺតការរុលទៅមុខរបស់អ៊ីស្រាអែលពីភាគខាងកើត។យន្តហោះចម្បាំងកំពុងវាយលុកតំបន់ភាគខាងលិច។ នៅលើមេឃគឺមាន​សំឡេង​ផ្ទុះ​ឥត​ឈប់ឈរនិង​ផ្សែង​យ៉ាង​ក្រាស់​បាន​ហុយ​ពេញ​ទីក្រុង​ដែល​មាន​មនុស្ស​ច្រើន​កុះករ ដែលភៀស​ខ្លួន​ពី​កន្លែង​ផ្សេង​ក្នុង​តំបន់។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស ដែលមិនបានជោគជ័យក្នុងការជំរុញឱ្យមានបទឈប់បាញ់នៅហ្គាហ្សា បាននិយាយថា តំបន់ឡោមព័ទ្ធនេះកំពុងដួលរលំ។ គាត់បាននិយាយថា «ខ្ញុំរំពឹងថាសណ្តាប់ធ្នាប់សាធារណៈនឹងដួលរលំទាំងស្រុងក្នុងពេលឆាប់ៗនេះ ហើយស្ថានភាពកាន់តែអាក្រក់អាចកើតមានឡើង រួមទាំងជំងឺរាតត្បាត និងការកើនឡើងសម្ពាធសម្រាប់ការផ្លាស់ទីលំនៅដ៏ធំទៅកាន់ប្រទេសអេហ្ស៊ីប»។

នៅព្រឹកថ្ងៃអាទិត្យ នៅជិតប៉ុស្តិ៍ប៉ូលិសកណ្តាលទីក្រុង សំឡេងកាំភ្លើងយន្តអាចស្តាប់ឮយ៉ាងច្បាស់។ ផ្លូវ​នៅ​ទីនោះ​មានភាពស្ងាត់​ជ្រងំ ខណៈមានតែ​ស្ត្រី​ចំណាស់​ម្នាក់និង​ក្មេង​ស្រី​ម្នាក់ជិះ​រទេះ​លា។

ឪពុក​កូន​បួន​ ដែល​ផ្លាស់​ទីលំនៅ​ពី​ទីក្រុង Gaza City និង​ទីជម្រក​នៅទីក្រុង Khan Younis បាន​ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា​ «វា​ជា​យប់​ដ៏​គួរឱ្យភ័យខ្លាច​បំផុត ការ​តស៊ូ​គឺ​ខ្លាំងក្លា​ណាស់ យើង​អាច​ឮ​សំឡេង​កាំភ្លើង និង​ការ​ផ្ទុះ​មិន​ឈប់​រាប់​ម៉ោង»។លោក​បដិសេធ​មិនបញ្ចេញអត្តសញ្ញាណ​ទេ​ព្រោះ​ខ្លាច​មាន​ការ​សងសឹក៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *