រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ គ្មានចេតនាចង់នៅជាអចិន្ត្រៃយ៍ នៅក្នុងតំបន់ហ្គាហ្សាទេ

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ ថាអ៊ីស្រាអែលគ្មានចេតនាស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះទេ ហើយថា ខ្លួនបើកចំហចំពោះការពិភាក្សាជម្រើសនានាអំពីអ្នកដែលនឹងត្រូវគ្រប់គ្រងទឹកដីនេះ ដរាបណាវាមិនមែនជាក្រុមដែលមានអរិភាពចំពោះអ៊ីស្រាអែល។ 

លោក Gallant បានប្រាប់អ្នកយកព័ត៌មានថា «អ៊ីស្រាអែលនឹងចាត់រាល់វិធានការដើម្បីកម្ទេចក្រុមហាម៉ាស ប៉ុន្តែយើងមិនមានចេតនាស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទេ។ យើងគ្រាន់តែថែរក្សាសន្តិសុខរបស់យើង និងសន្តិសុខរបស់ប្រជាពលរដ្ឋយើងនៅតាមព្រំដែនជាមួយហ្គាហ្សាប៉ុណ្ណោះ»។

លោក Gallant ក៏បាននិយាយផងដែរថា អ៊ីស្រាអែលបើកចំហក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធហេសប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ ក្នុងលក្ខខណ្ឌដែលកិច្ចព្រមព្រៀងនោះរួមបញ្ចូលតំបន់សុវត្ថិភាពនៅតាមព្រំដែននិងការធានាត្រឹមត្រូវ។

លោកបាននិយាយថា «យើងនឹងមានសមត្ថភាពសម្រាប់សកម្មភាពបំផ្លិចបំផ្លាញនិងប្រតិកម្មជាមួយនឹងលទ្ធផលដូចអ្វីដែលយើងបានឃើញនៅហ្គាហ្សា។ ខ្ញុំសន្មត់ថា ហេសប៊ូឡានឹងពិចារណា»។

លោកបន្តទៀតថា ឆប្រសិនបើហេសប៊ូឡានឹងអនុញ្ញាតឱ្យមានដំណើរការកិច្ចព្រមព្រៀងមួយ ហើយខ្ញុំនឹងមិននិយាយអំពីព័ត៌មានលម្អិតរបស់វាទេ ប៉ុន្តែច្បាស់ណាស់វាមិនអាចថាវាមិនរួមបញ្ចូលស្ថានភាពដែលមានគម្លាតសុវត្ថិភាពពីរបងរបស់យើងទៅកងកម្លាំងដែលអាចបាញ់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ឬកងកម្លាំងដែលអាចធ្វើសកម្មភាពក្នុងប្រទេសអ៊ីស្រាអែលនោះទេ។ ប្រសិនបើរឿងនេះអាចធ្វើទៅបាន ជាមួយនឹងការធានាសមស្រប យើងអាចនិយាយអំពីវាបាន»៕(ប្រែសម្រួលដោយ លោកសំណាត)

Leave a Reply

Your email address will not be published. Required fields are marked *