ជិះម៉ូតូជ្រុលទៅបុកខឿនថ្ម ប្លោងមនុស្សទៅបុកបង្គោលភ្លើងស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ ជ្រុលទៅបុកខឿនថ្មប្លោងមនុស្ស ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ កាលពីវេលាម៉ោង៣និង៣០នាទីយប់ ឈានចូលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចជិតវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផឹន ណារិទ្ធិ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 ពណ៌ក្រហម ស៊េរីឆ្នាំ២០១៤ ពាក់ស្លាក លេខកំពង់ឆ្នាំង 1E-7818 ។ 

តាមសន្និដ្ឋានបានឱ្យដឹងថា ជនរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯង តាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ទិសដៅពីខេត្តចូលមកភ្នំពេញ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុល ទៅបុកខឿនថ្មចែកទ្រូងផ្លូវ រួចប្លោងមនុស្សទៅបោកផ្ទប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ចំផ្ទៃមុខពេញទំហឹង ។ បន្ទាប់ពីទទួលបានហេតុការណ៍នេះ កងកម្លាំង៧១១  កងពលតូចលេខ៧០ បានចុះទៅពិនិត្យនិងជួយ សង្រ្គោះបឋម ក្រែងអាចសង្គ្រោះជីវិតបាន តែកម្មអកុសលជនរងគ្រោះ បានបាត់បង់ជីវិតទៅហើយ។ 

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌដង្កោ បានចុះទៅវាស់វែង យកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដង្កោ ឯសពប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *