ឃាត់ជនសង្ស័យម្នាក់គាស់ផ្ទះអ្នកដទៃ លួចទ្រព្យសម្បត្តិពេលយប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី១៣ធ្នូឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិ នៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅកាលពីថ្ងៃទី១០ធ្នូឆ្នាំ២០២៣ ម៉ោង១១យប់កន្លងទៅ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ អ៊ុយ គឹមឡេង ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខA៧ ផ្លូវA១៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ អឿន ប៊ុនយៀប ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់ទ្វារផ្ទះកើតហេតុ ទុកចោល រួចទៅរស់នៅផ្ទះផ្សេង។រហូតដល់ថ្ងៃទី ១០ធ្នូឆ្នាំ២០២៣ វេលាម៉ោង ១១យប់ ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ អឿន ប៊ុនយៀប, ឈ្មោះ ពីន និងឈ្មោះ ធា ជិះម៉ូតូម៉ាក Honda Zomer-X ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ ១GO-១៤៣៨មកឈប់ក្បែរ នាំគ្នាយកដែកគាស់សោទ្វារផ្ទះជនរងគ្រោះ ចូលលួចទ្រព្យសម្បត្តិរួមមាន កៅអីឈើ ៨, តុឈើ ១, ទ្វារឈើ ៥ សន្លឹក, ម៉ាស៊ីនត្រជាក់ ២គ្រឿង និងទូរទស្សន៍ ១គ្រឿង យកទៅលាក់ទុក រួចឈ្មោះ ពីន និងឈ្មោះ ធា យកទ្វារឈើ, ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ទៅលក់ឱ្យគេបានប្រាក់ ៦០ម៉ឺនរៀល ចែកគ្នាស៊ីចាយអស់។ 

សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី ១៣ធ្នូឆ្នាំ២០២៣ ម៉ោង៣និង៣០នាទីរសៀល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អឿន ប៊ុនយៀប នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងដកហូតវត្ថុតាងម៉ូតូ ១គ្រឿងដែលជិះធ្វើសកម្មភាព,កៅអីឈើ៨ និងតុឈើ១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ព្រែកឯង សាកសួរ រួចចាត់ការតាមនីតិវិធី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *