មន្ត្រីជាន់ខ្ពស់អាមេរិកនិយាយថា «អាជ្ញាធរប៉ាឡេស្ទីន គួរតែគ្រប់គ្រងតំបន់ហ្គាហ្សានិងវេសប៊ែង»

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាអភិបាលកិច្ចនៃតំបន់វេសប៊ែងនិងហ្គាហ្សាស្ទ្រីបចាំបាច់ត្រូវមានទំនាក់ទំនងគ្នានៅក្រោមអាជ្ញាធរប៉ាឡេស្ទីន«ដែលបានកែលម្អនិងធ្វើឱ្យរស់ឡើងវិញ»។

លោក Sullivan ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនិងនិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍Channel 12 របស់អ៊ីស្រាអែល បាននិយាយថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្រ្តី បេនចាមីន ណេតាន់យ៉ាហ៊ូអំពីការផ្លាស់ប្តូររបស់អ៊ីស្រាអែលពីប្រតិបត្តិការយោធាដែលវាយលុកខ្លាំងនៅក្នុងតំបន់ហ្គាហ្សា មកជាដំណាក់កាលច្បាស់លាស់និងចំៗគោលដៅវិញ។

លោក Sullivan បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ឬពេលវេលាកំណត់នោះទេ ប៉ុន្តែលោកបានហៅការសន្ទនានេះថាប្រកបដោយភាពស្ថាបនា ហើយនិយាយថា មាន «កម្រិតធំទូលាយនៃការបញ្ចូលគ្នា»លើគោលបំណងយុទ្ធសាស្រ្តនិងជំហានដែលត្រូវការចាំបាច់។

លោកបាននិយាយថា «នៅទីបំផុត អភិបាលកិច្ចនៃតំបន់វេសប៊ែងនិងហ្គាហ្សាត្រូវតែភ្ជាប់គ្នា។ ហើយវាត្រូវតែតភ្ជាប់នៅក្រោមអាជ្ញាធរប៉ាឡេស្ទីនដែលបានកែលម្អ និងធ្វើឱ្យរស់ឡើងវិញ»។

នៅពេលសួរថាតើវាមានន័យយ៉ាងណា លោក Sullivan បានឆ្លើយថា «នោះគឺជាអ្វីដែលតម្រូវឱ្យមានការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ជាមួយប៉ាឡេស្ទីនជាមុន ក៏ដូចជាជាមួយរដ្ឋាភិបាលអ៊ីស្រាអែល។ ប៉ុន្តែវានឹងទាមទារឱ្យមានកំណែទម្រង់ វានឹងទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពអំពីរបៀបដែលអាជ្ញាធរប៉ាឡេស្ទីនចូលទៅគ្រប់គ្រង»។

លោកបានបន្ថែមថា «វានឹងទាមទារឱ្យមានការចូលរួមពីប្រទេសផ្សេងទៀតនៅក្នុងតំបន់ដើម្បីរួមចំណែកធនធានហិរញ្ញវត្ថុនិងទម្រង់នៃការគាំទ្រផ្សេងទៀត»។

អាជ្ញាធរប៉ាឡេស្ទីន ដែលកំណត់ស្វ័យភាពនៅតំបន់កាន់កាប់វេសប៊ែង ក៏ធ្លាប់គ្រប់គ្រងតំបន់ហ្គាហ្សាផងដែរ ប៉ុន្តែត្រូវបានបណ្តេញចេញពីតំបន់ឆ្នេរនេះក្នុងឆ្នាំ ២០០៧ បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលខ្លីជាមួយក្រុមហាម៉ាស។

លោកណេតាន់យ៉ាហ៊ូបាននិយាយកាលពីខែមុនថា អាជ្ញាធរប៉ាឡេស្ទីនក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន មិនគួរទទួលបន្ទុកតំបន់ហ្គាហ្សាទេ។

ដំណើរទស្សនកិច្ចថ្នាក់ខ្ពស់របស់លោក Sullivan កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យអ៊ីស្រាអែលប្រឹងប្រែងបន្ថែមទៀតដើម្បីការពារជនស៊ីវិលនៅតំបន់ហ្គាហ្សាក្នុងអំឡុងពេលយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។

លោក Sullivan បាននិយាយថា «បញ្ហាគឺតើពេលណាទើបអ៊ីស្រាអែលផ្លាស់ប្តូរពីប្រតិបត្តិការយោធាដែលមានការវាយលុកខ្លាំងសព្វថ្ងៃនេះទៅកាន់ដំណាក់កាលផ្សេងគ្នានៃជម្លោះនេះ។ ពោលគឺប្រតិបត្តិការដែលមានភាពច្បាស់លាស់និងកំណត់ចំៗគោលដៅ។ យើងមានការសន្ទនាប្រកបដោយការស្ថាបនាអំពីដំណាក់កាលទាំងនេះ…ហើយខ្ញុំមានអារម្មណ៍ថាការសន្ទនាពិតជាបានទៅដល់កន្លែងដ៏ល្អមួយ»។

លោកបានបន្ថែមថា «ខ្ញុំមិនមែននៅទីនេះដើម្បីបង្រៀន ឬបញ្ជានោះទេ។ អ៊ីស្រាអែលជាមិត្តនិងជាដៃគូ។ យើងអង្គុយចុះ ហើយយើងពិគ្រោះយោបល់ ហើយយើងនិយាយគ្នាក្នុងនាមជាមិត្ត»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *