រថយន្តបុកជាមួយម៉ូតូ បណ្ដាលឱ្យមន្រ្តីម្នាក់គ្រោះថ្នាក់ដល់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូ ត្រូវបានរថយន្តបុកយ៉ាងពេញទំហឹង កាលវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ៥៦៦កែងនិងផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសៀង គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមន្ត្រីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នាយកដ្ឋានធានារ៉ាប់រងនិងសោធន រស់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឃីលិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DF-5396 ,ឯរថយន្តម៉ាក JEEP OVERLAND ពណ៌ខ្មៅ ស៊េរីឆ្នាំ2021 ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បើកបរដោយបុរសម្នាក់ រួមដំណើរបុរស២នាក់ ។ 

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញជនរងគ្រោះជិះម៉ូតូ តាមបណ្ដោយផ្លូវ៥៦៦ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ឯរថយន្តបើកតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ហើយបានមកបុកម៉ូតូជនរងគ្រោះ ពេញទំហឹងតែម្ដង ។ ភ្លាមៗ ភាគីខាងរថយន្តបានហៅគ្នីគ្នា មកដឹកចេញពីកន្លែងកើតហេតុបាត់អស់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុកនៅចរាចរណ៍ភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសព ត្តូវសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ ៖ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *